ឯកឧត្តម ប្រាក់ ដាវីដ ជំរុញមន្ត្រីមូលដ្ឋានកែតម្រូវទិន្នន័យខុសអត្រានុកូលដ្ឋានឱ្យរួចរាល់ក្នុងឆ្នាំ២០២៥នេះ និងលើកទឹកចិត្តកសិករឱ្យរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយអញ្ជើញចូលរួមពីលោក កែ សួនសុភាព អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ លោក អែម សុខា អភិបាលស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរឃុំ មន្ត្រីរាជការរដ្ឋបាលស្រុកថ្មពួក មន្រ្តីកសិកម្មឃុំ និងមន្ត្រីជំនួយការរដ្ឋបាលស្រុកនិងឃុំ សរុប១១៥នាក់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបលទ្ធផលការងារដែលក្រុមការងារចុះអនុវត្តនៅតាមមូលដ្ឋានក្នុងការចុះជួយប្រជាពលរដ្ឋនាពេលកន្លងមករបស់លោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកថ្មពួករួចមក ឯកឧត្ដមរដ្ឋលេខាធិការបានកោតសរសើរដល់មន្ត្រីរាជការ ក្រុមការងារដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន ព្រមទាំងការងារកសិកម្ម សន្តិសុខសង្គម និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានរហ័ស និងទាន់ពេលវេលា។

ឯកឧត្ដមបានលើកទឹកចិត្តមន្ត្រីរាជការ ក្រុមការងារទាំងអស់ ត្រូវបន្តអនុវត្តការងារឱ្យកាន់តែល្អថែមទៀត ដើម្បីរក្សាសន្តិសុខមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្រង់ទិសការធ្វើកសិកម្មឱ្យស្របតាមតម្រូវការទីផ្សារ និងទទួលបានប្រាក់ចំណេញខ្ពស់ និងបានណែនាំឱ្យអង្គភាពពាក់ព័ន្ធ រៀបចំកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួកឡើងវិញ ដើម្បីជំរុញការងារកែតម្រូវទិន្នន័យខុសអត្រានុកូលដ្ឋានឱ្យរួចរាល់ក្នុងឆ្នាំ២០២៥នេះ ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យរួមគ្នាចងក្រងជាសហគមន៍កសិម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងមានផែនការផលិតកម្មរួមច្បាស់លាស់ ជាពិសេសមានការគ្រប់គ្រងទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ៕
ដោយ ឈុន សារ៉ាត





