ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ នាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥–
នៅព្រឹកថ្ងៃពុធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ នាក់ (នារី ១ ១៦៩ នាក់) ក្នុងឆ្នាំសិក្សា២០២០-២០២១ និង២០២១-២០២២ ក្នុង នោះ និស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩ នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, មហាវិទ្យាល័យសង្គម សាស្ត្រនិងសេដ្ឋកិច្ច, មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយ, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍, និង មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន និងថ្នាក់បរិញ្ញាបត្រ មានមុខជំនាញចំនួន ២៣, ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញចំនួន ១៨, និងថ្នាក់បណ្ឌិត មានមុខជំនាញចំនួន ៩។ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានអនុវត្តរបៀបគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំ តាមបែបឌីជីថល និងបន្តពិនិត្យ រៀបចំដាក់បញ្ចូលឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធឌីជីថលជាច្រើនទៀត ដូចជា A.I, Machine Leaming, Cloud Computing, ប្រព័ន្ធគ្រប់គ្រងវត្តមានតាមផ្ទៃមុខ និងប្រព័ន្ធគ្រប់គ្រងអគារឆ្លាតវៃ ជាដើម។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតឱ្យមានបន្ទប់អនុវត្តន៍ជាច្រើនប្រភេទ រួមមានសវនាការនិមិត្ត, បន្ទប់ AL, បន្ទប់ អនុវត្តន៍ផ្នែកសណ្ឋាគារ, បន្ទប់អនុវត្តន៍ផ្នែកម្ហូបអាហារនិងភេសជ្ជៈ និងបន្ទប់អនុវត្តន៍ធនាគារ ដែលផ្តល់ឱកាសដល់និស្សិត អាចសិក្សាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង។
បន្ថែមលើការអភិវឌ្ឍផ្នែកបណ្តុះបណ្តាលតាមបែបឌីជីថល និងជម្រើសនៃការសិក្សាដ៏សម្បូរបែប សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានពង្រីកខ្លួនបន្ថែមនូវទីតាំងទី ៣ នៅអគារឌីហ្គេតវេយ៍ (The Gateway) បានចាប់កំណើតឡើង ដោយបើកការដ្ឋាននៅឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហើយបច្ចុប្បន្ន The Gateway ជាអគារធំមួយ មានចំណតធំទូលាយប្រមាណ ៧០០ គ្រឿង បំពាក់ដោយបរិក្ខារទំនើបៗ ដែលបានផ្តល់ បរិយាកាសសិក្សាល្អប្រសើរដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រតិបត្តិផ្នែកគ្រប់គ្រងពាណិជ្ជកម្ម EMBA ផងដែរ។ មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំ ផែនការសកម្មភាពសម្រាប់ការផ្លាស់ប្តូរការអប់រំបែបឌីជីថល ហើយបានលើកអាទិភាពសំខាន់ៗបី៖ ១. អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀន និងការសិក្សា។ ២. អាទិភាពទី២៖ អភិវឌ្ឍន៍ជំនាញ និងសមត្ថភាពឌីជីថល ៣.អាទិភាពទី៣៖ កែលម្អប្រព័ន្ធអប់រំក្នុងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈការធ្វើឱ្យប្រសើរឡើង នូវការតាមដាន ការវាយតម្លៃ ការវិភាគ និងការគ្រប់គ្រងទិន្នន័យ។ល។ ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាចក្ខុវិស័យដ៏ វែងឆ្ងាយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាន ពង្រឹងយន្តការលើការងារដឹកនាំការងារគ្រប់គ្រងនិងអនុវត្ត ស្របតាមផែនការជាសារវន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស្របពេលជាមួយគ្នានេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានថ្នាលពាណិជ្ជកម្មយ៉ាងធំទូលាយសម្រាប់ជួយរក ការងារដល់សិស្សនិស្សិតកំពុងសិក្សានិងបានបញ្ចប់ការសិក្សា ព្រមទាំងបានប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងនៅទីតាំងសាកលវិទ្យាល័យផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួល ឆាប់ រហ័សក្នុងការចែករំលែកព័ត៌មានពីឱកាសការងារ និងព័ត៌មានជាច្រើនផ្សេងទៀត។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន សាកលវិទ្យាល័យ នៅបណ្តាប្រទេសជាច្រើនលើពិភពលោក តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ការផ្លាស់ប្តូរនិស្សិតទៅវិញ ទៅមក ការរៀបចំកម្មវិធី បាឋកថា សិក្ខាសាលា វេទិកានានា ជាប្រចាំ ដោយអញ្ជើញវាគ្មិនល្បីៗមកចូលរួមក្នុងគោលបំណង ជួយដល់និស្សិតដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងឱកាសធ្វើកម្មសិក្សាជាក់ស្តែង ដែលជាទុនដ៏សំខាន់ សម្រាប់ការសិក្សា និងការបំពេញការងារ។ពិសេសជាងនេះទៀត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតឱកាស និងលើកទឹកចិត្តដល់ក្មួយៗនិស្សិតបាន ចូលរួមក្នុងសកម្មភាពសង្គមនិងសកម្មភាពមនុស្សធម៌ជាច្រើន តាមរយៈក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ រួមមាន៖ សកម្មភាពសប្បុរសធម៌កាកបាទក្រហម កម្មវិធីសហព័ន្ធសហភាពយុវជនកម្ពុជា (ហៅកាត់ សសយក) កម្មវិធីអង្គរ សង្ក្រាន្ត វគ្គបណ្តុះបណ្តាលអំពីវិជ្ជាសង្គ្រោះបឋម យុទ្ធនាការបរិច្ចាគឈាម យុទ្ធនាការរើសសំរាមសម្អាតបរិស្ថាន យុទ្ធនាការដាំកូនឈើ យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសកម្មភាពនានា ជាច្រើនផ្សេងទៀត។ល។
ដោយ៖ គង់ សិរីរ័ត្ន





