រដ្ឋបាលខេត្តសៀមរាបជំរុញអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្តយុទ្ធនាការស្អាត«ផ្លូវជាតិស្អាត គ្មានសំរាម ប្លាស្ទិក»
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥–
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានណែនាំដល់អាជ្ញាធរក្រុងស្រុក និងមូលដ្ឋានទាំងអស់ ចូលរួមសម្អាតផ្លូវជាតិ តាមរយៈយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»។
សេចក្តីណែនាំ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងបានធ្វើការអំពាវនាវដល់រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសាធារណៈ ឯកជន ម្ចាស់ភោជនីយដ្ឋាន កន្លែងកម្សាន្ត រម្មណីដ្ឋាននានា ដៃគូសហការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ចូលរួមអនុវត្តសកម្មភាព កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមរើស និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ ការធ្វើអនាម័យរួមគ្នា ការរក្សាបាននូវសណ្ដាប់ធ្នាប់ល្អនៅតាមដងផ្លូវជាតិ ដើម្បីផ្លូវជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាបស្អាត គ្មានសំរាម សំណល់ប្លាស្ទិក រាយប៉ាយ ឱ្យការរស់នៅប្រកបដោយផាសុកភាពនិងស៊ីវិល័យ លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅក្នុងខេត្ត ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និងប្រាសាទបុរាណជាច្រើន ក៏ដូចជាខេត្តដែលមានសក្ដានុពល ទេសចរណ៍ ដ៏សំខាន់របស់កម្ពុជា ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍កាន់តែច្រើនថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថាក្រសួងបរិស្ថាន នៅក្នុងអណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជា អាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។
ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់និងថ្លែងអំះរគុណចំពោះការចូលរួម អនុវត្តសាស្រ្តចក្រាវិស័យបរិស្ថាន ពីរដ្ឋបាលរាជធានី ខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលក្នុងនោះ ភាពស្អាត គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាតទាំងបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក។ ជាលទ្ធផលយើងនឹងទទួលបានអ្នកចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចំនួនប្រមាណ១០លាននាក់ និងបានជំរុញឱ្យកម្ពុជាស្អាតជាបណ្តើរៗ តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលក្នុងនោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា បានចេញមកព្រមគ្នារើសសំរាម ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ធ្វើឱ្យមូលដ្ឋានស្អាត ទីសាធារណៈស្អាត ជាពិសេសធ្វើឱ្យសាលារៀន វត្តអារាម ទីក្រុង ទីប្រជុំជន មានអនាម័យ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យ ចូលរួមចាត់ចែងឲ្យមានការប្រមូលសំរាម សំណល់ប្លាស្ទិក នៅតាមផ្លូវទាំងអស់គ្រប់មូលដ្ឋានរបស់ខ្លួនជាប្រចាំ ទុកដាក់សំរាមនិងសំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ ចៀសវាងការដុត ឬបោះចោលនៅតាមទីសាធារណៈ ដែលបង្កមានប៉ះពាល់ដល់ សុខភាពរបស់មនុស្សសត្វនិងគុណភាពបរិស្ថាន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មាន សំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ យុទ្ធនាការសម្អាតផ្លូវជាតិ នឹងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស ឱ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការ ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង៕



ដោយ៖ គង់ សិរីរ័ត្ន,ប្រភព៖ ក្រសួងបរិស្ថាន





