ជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាគ្នាដើម្បីពិនិត្យមើលសក្តានុពលក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ខណៈដែលភាគីទាំងពីរបានរម្លឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ម៉ាឡេស៊ី ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធមកដល់បច្ចុប្បន្ននេះ ជាពិសេសលើវិស័យអប់រំ។

ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាចំពោះការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងបានរម្លឹកដល់អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧត្តមសិក្សាដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីជំរុញបោះពុម្ពការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា និងសកម្មភាពផ្សេងទៀតដូចជា សន្និសីទ ការបង្រៀន សិក្ខាសាលា និងការអភិវឌ្ឍកម្មវិធីបង្រៀន ដោយបានគូសបញ្ជាក់ចំណាប់អារម្មណ៍ក្នុងការបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរបន្ថែមទៀត។


តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម៉ាឡេស៊ីចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដល់កម្ពុជានាពេលកន្លងមកលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ និងការផ្លាស់ប្តូរកម្មវិធីដល់និស្សិតកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែតែរឹងមាំជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសបន្តពង្រឹង និងពង្រីកឱកាសក្នុងការអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





