សិស្សសាលាអន្តរទ្វីបអាមេរិកាំងជាង៣៥០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-សិស្សសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ទី៩ ចំនួន៣៥១នាក់ នៅសាខាសែនសុខ និងច្បារអំពៅ ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug កាលពីថ្ងៃទី ១៧-១៨ ខែកុម្ភ: ឆ្នាំ២០២៥។
លោក លោកស្រីជានាយកចាងហ្វាង សាខាសាលាអន្តរទ្វីបអាមេរិកកាំងសែនសុខ ច្បារអំពៅ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ ទី៨ ទី៩។


ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំង និងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យគ្រោះថ្នាក់និងឈានទៅលុបបំបាត់បញ្ហាដែលបង្កឡើងដោយសារគ្រឿងញៀន ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ"អនាគតយុវជនមិនអាចរីកលូតលាស់បានជាមួយគ្រឿងញៀនទេ" ។


ឯកឧត្តម ឧត្តមសេនីយ៍ឯកបានថ្លែងបញ្ជាក់ថាគ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ដែលកម្ពុជានិងពិភពលោកប្រមូលផ្ដុំប្រយុទ្ធប្រឆាំង។ ដោយឡែកកម្ពុជាបានប្រើប្រាស់គ្រប់លទ្ធភាពមធ្យោបាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពិសេសសិស្សានុសិស្សកុំទៅពាក់ព័ន្ធនឹងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាក ដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ "ការរួមគ្នាជួយឲ្យយុវជនចៀសផុតបានពីបញ្ហាគ្រឿងញៀនគឺជាកុសលដ៏ប្រពៃថ្លៃថ្លា " ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិកនិងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ដែលបច្ចុប្បន្នគឺApp NoDrug ទទួលបានការរាយការណ៍លើស ១ ០០០ ករណីហើយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី យិន យឿត លោកឧត្តមសេនីយ៍ត្រី ឈិន ភូមា បាន បង្ហាញចែករំលែកជូនអ្នកចូលរួមនូវចំណេះដឹងទូទៅពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិកនិងការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





