សមាគមថ្មអារកម្ពុជា៖ ក្នុងឆ្នាំ២០២៤ បរិមាណផលិតកម្មថ្មអារសន្លឹក សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៣ ៤៩២ ១៨៩ ម៉ែត្រការ៉េ
AKP ក្រចេះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- អនុប្រធានសមាគមថ្មអារកម្ពុជាបានបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ បរិមាណផលិតកម្មថ្មអារសន្លឹក សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ៣ ៤៩២ ១៨៩ ម៉ែត្រការ៉េ ដែលចំនួននេះមានកំណើនគួរឱ្យកត់សម្គាល់ ខណៈបរិមាណផលិតកម្មថ្មអារប្លុកនាំចេញផលិតបាន ២២២ ១៥១ ម៉ែត្រគូប។ នេះគឺជាការបញ្ជាក់របស់លោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា ទទួលបន្ទុកលើការងារទំនាក់ទំនងទីផ្សារ និងកិច្ចការបរទេស នាយិកាប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុននៃសម្ព័ន្ធសហគ្រាស ឡេង ឬទ្ធី គ្រុប ដែលមានអាជីវកម្មរ៉ែថ្មអារ កសិកម្ម ចំការកៅស៊ូ និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សងៗទៀតបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរបេសកកម្មផ្សព្វផ្សាយព័ត៌មានអំពីឧស្សាហកម្មរ៉ែ និងទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី និងតំបន់កសិឧស្សាហកម្មនៅក្នុងខេត្តក្រចេះ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជា។

លោកស្រី ឡេង ដាវី បានលើកឡើងថា ក្រុមហ៊ុន ឫទ្ធី ក្រានីត (ខេមបូឌា) គឺជាក្រុមហ៊ុនទី១ ដែលទទួលបានអាជ្ញាបណ្ណអាជីវកម្មថ្មអារក្រានីតពីរាជរដ្ឋាភិបាលនៅអំឡុងឆ្នាំ២០០២ ហើយដល់អំឡុងឆ្នាំ២០០៤ ក្រុមហ៊ុនបានសម្រេចបន្តសាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេចថ្មក្រានីតសន្លឹក ដែលចាប់ពីនោះមកថ្មក្រានីតបានទាក់ទាញការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់។ លោកស្រីបានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ភាពល្បីល្បាញ និងសក្តានុពលនេះបានទាក់ទាញការវិនិយោគប្រមាណ៣០ក្រុមហ៊ុនបន្ថែមទៀត និងមានជាង៦០គម្រោង ក្នុងទុនវិនិយោគប្រមាណជាង២០០លានដុល្លារអាម៉េរិក ដោយក្នុងរយៈពេលនោះចំនួនក្រុមហ៊ុន និងរោងចក្រកែច្នៃថ្មអារមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកស្រី ឡេង ដាវី បានបន្ថែមថា ក្នុងឆ្នាំ២០១៥ ដោយមើលឃើញពីការកើនឡើងនៃក្រុមហ៊ុន និងរោងចក្រកាន់តែច្រើន បណ្តាក្រុមហ៊ុនទាំងអស់បានឯកភាពគ្នាបង្កើតជា «សមាគមថ្មអារកម្ពុជា» ដែលមានឧកញ៉ា ឡេង ឫទ្ធី ជាប្រធានសមាគម និងបានដឹកនាំមកដល់បច្ចុប្បន្ន។ លោកស្រីអះអាងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនមានសមត្ថភាពនាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិចន្លោះចាប់បីពី ២០ ០០០ ទៅ ៣០ ០០០ កុងទេន័រ ក្នុង១ឆ្នាំ។

ជាមួយគ្នានេះដែរ លោកស្រីអនុប្រធានសមាគមបានថ្លែងឱ្យដឹងទៀតថា សមាគមថ្មអារកម្ពុជាបានចាត់ទុកការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះថាមានលក្ខណៈពិសេស ដែលបានជំរុញឱ្យនីតិវិធីនៃបែបបទនាំចេញពាក់ព័ន្ធនឹងអាជីវកម្មថ្មអារឱ្យកាន់តែសាមញ្ញ រហ័ស និងប្រសិទ្ធភាពជាមួយការអនុគ្រោះអត្រាអាករនាំចេញ ក្នុងនោះមាន សូន្យភាគរយ លើថ្មអារកែច្នៃរួចគ្រប់ប្រភេទ ៥ភាគរយ លើថ្មអារធម្មជាតិមិនទាន់កែច្នៃ(ទម្រង់ជាបន្ទះ) និង១០ភាគរយ លើថ្មអារធម្មជាតិជាថ្មដុំ មិនទាន់កែច្នៃ។

បើតាមលោកស្រី ឡេង ដាវី ចំពោះការបោះទុនវិនិយោគនៅកម្ពុជាដោយមើលឃើញថា អ្នកវិនិយោគក្នុងស្រុក និងបរទេស ព្រមទាំងសម្ព័ន្ធធំៗជាច្រើនដែលបានមកដាក់ទុនវិនិយោគទាំងការនាំចេញ និងការនាំចូលលើវិស័យរ៉ែថ្មអារនៅកម្ពុជាដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួន រួមមាន កត្តាសម្បូរបែបនៃធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដូចជា រ៉ែសំណង់ (ខ្សាច់ គ្រួស ថ្មសំណង់ ថ្មអារ ដី) រ៉ែឧស្សាហកម្ម (ថ្ម កំបោរ រ៉ែលោហៈ រ៉ែអលោហៈ) និងរ៉ែត្បូងថ្មមានតម្លៃ (ត្បូងទទឹម ត្បូងកណ្តៀង សៀកុង) នៅពាសពេញផ្ទៃប្រទេស ខណៈដែលភូគព្ភសាស្ត្រនៃតំបន់អាជីវកម្មរ៉ែថ្មក្រានីតនៅខេត្តក្រចេះ គឺជាជម្រករ៉ែដ៏ធំសម្បូរទៅដោយសិលាជាច្រើនដូចជា Granodiorite, Rhyorite និង Basalts ដែលសុទ្ធសឹងជាសិលាកើតក្នុងយុគសម័យ Last Triassic-Early Cretaceous (Post-Triassic)។ លើសពីនេះទៀត ចំពោះលក្ខណៈពិសេសរបស់រ៉ែថ្មនៅប្រទេសកម្ពុជា ជាសណ្ឋានរ៉ែថ្មក្រានីត និងម៉ាបភាគច្រើនស្ថិតនៅក្រោមដី ដែលមួយចំនួនជាសណ្ឋានដីភ្នំតូចៗនៅដាច់ពីគ្នា។ បច្ចុប្បន្នអ្នកបច្ចេកទេសភូគព្ភសាស្ត្របានរុករក និងប្រទះឃើញប្រភេទរ៉ែថ្មអារជាង៥០ពណ៌ និងកំពុងអារយកមកកែច្នៃជាង៣០ពណ៌ ក្នុងនោះក៏មានថ្មអារប្រភេទកម្រ រួមមានស្តេចថ្មក្រានីត និងថ្មសំណាង ដែលផ្ទៃមានច្រើនពណ៌បង្កើតជាសិល្បះថ្មស្អាតប្លែកពិសេស។

លោកស្រីអនុប្រធានសមាគមបានឱ្យដឹងទៀតថា សមាគមថ្មអារកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រពេញយ៉ាងទំហឹងពីរាជរដ្ឋាភិបាល និងលើកទឹកចិត្តផ្នែកអាករនាំចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ ព្រមទាំងទទួលសំណូមពរ ដំណោះស្រាយសំណូមពរ និងបញ្ហានានារបស់ធុរជនក្នុងវិស័យអាជីវកម្មថ្មអារលើគ្រប់ចំណុចគន្លឹះ ដោយបានបញ្ចុះអត្រាអាករនាំចេញ និងជំរុញនីតិវិធីពាក់ព័ន្ធនឹងការនាំចេញថ្មអារឱ្យកាន់ តែសាមញ្ញ រហ័ស និងប្រសិទ្ធិភាព ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរឹងមាំ និងមានភាពរីកចម្រើនជាមួយកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ។ លោកស្រីក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ទំហំនៃការប្រើប្រាស់ថ្មអារ និងសម្ភារសំណង់នឹងមានការកើនឡើងជាបន្តបន្ទាប់ ស្របពេលសេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនក្នុងរង្វង់ ៦.៣ភាគរយ នៅឆ្នាំ២០២៥ ហើយតម្រូវការថ្មអារធម្មជាតិពិតជាមានសក្តានុពលសម្រាប់ការនាំចេញ។

សូមជម្រាបជូនថា ដោយមើលឃើញពីសក្តានុពលដ៏សំបូរបែបនៃធនធានរ៉ែថ្មជាច្រើនប្រភេទ ជាពិសេសស្ថិតក្នុងខេត្តក្រចេះ ហើយដោយមានការជួយគាំទ្រពីមន្ត្រីជំនាញក្រសួងពាក់ព័ន្ធ នៅឆ្នាំ១៩៩៩ ឧកញ៉ា ឡេង ឬទ្ធី គឺជាបុគ្គលមុនគេបង្អស់ ដែលហ៊ានតស៊ូចាប់ផ្តើមដឹកនាំក្រុមបច្ចេកទេសភូគព្ភសាស្ត្រជនជាតិវៀតណាមចុះសិក្សាស្រាវជ្រាវរុករករ៉ែថ្មអារ រហូតទទួលលទ្ធផលជាវិជ្ជមាន ដោយប្រើប្រាស់ទុនវិនិយោគអស់ជាច្រើនលានដុល្លារអាម៉េរិក៕

ដោយ៖ ចាន់ សុភឿន





