អាជ្ញាធរខេត្តបាត់ដំបងរៀបចំកសាងវិមានឈ្នះឈ្នះ និងសួនតេជោសន្តិភាពតាមបណ្តោយស្ទឹងសង្កែ
AKP បាត់ដំបង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅពេលឆាប់ៗខាងមុខនេះ សួនតេជោសន្តិភាព និងវិមានឈ្នះឈ្នះតាមបែបខ្នាតបង្រួម នឹងរំលេចរូងរាងឡើងនៅលើទឹកដីខេត្តបាត់ដំបង ដែលការងារនេះគឺរដ្ឋបាលខេត្តជាអ្នកគ្រោងផ្ដួចផ្ដើមឡើង ប្របតាមបណ្ដោយដងស្ទឹងសង្កែ។

រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំសួនតេជោសន្តិភាព នៅចំពីមុខវត្តកណ្ដាល ដោយសួននេះត្រូវរៀបចំចាប់ពីក្បាលស្ពានសម្ដេចក្រឡាហោម ទៅទល់នឹងស្ពានថ្មថ្មីត្រើយខាងកើត ដែលមានប្រវែង ៩៩៤ ម៉ែត្រ និងមានផ្ទៃក្រឡាសរុបចំនួន ១៦.០៧៤ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានរំពឹងថានឹងជួយលើកកម្ពស់សោភ័ណភាពក្រុងនេះមួយកម្រិត និងជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះខ្នាតបង្រួម និងរៀបចំជាសួនតេជោសន្តិភាពនេះ ក្នុងគោលបំណងដ៏ធំបំផុតដើម្បីពន្យល់និងរំលេចពីគុណតម្លៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលសួននេះនឹងក្លាយជាសំណង់ស្ថាបត្យកម្មថ្មីមួយ ដែលជាមែកធាងចង្កោមយុទ្ធសាស្ត្រនយោបាយឈ្នះ ឈ្នះដែលបង្រួមតូចសមល្មមទៅនឹងទំហំទីតាំង និងរក្សាប្លង់ដើមនៃវិមានឈ្នះ ឈ្នះ ប្រកបដោយអត្ថន័យស៊ីជម្រៅ។
រដ្ឋបាលខេត្តបានសង្កត់ធ្ងន់ថា គម្រោងសំណង់នេះបម្រើឱ្យប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋទូទៅក្នុងសម័យតេជោសន្តិភាពហើយការសាងសង់នេះក៏ស្ថិតនៅលើដីរដ្ឋដោយមិនប៉ះពាល់លើដីឯកជនណាមួយឡើយ។ ទន្ទឹមនេះរដ្ឋបាលខេត្តនឹងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រោមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សួនដែលលាតសន្ធឹងវែងអន្លាយប្របមាត់ស្ទឹងសង្កែនេះនឹងត្រូវរៀបចំឱ្យមានផ្លូវសម្រាប់អ្នកដំណើរថ្មើរជើងដើរហាត់ប្រាណ ផ្លូវសម្រាប់ជិះកង់ និងទីតាំងសម្រាប់អង្គុយលំហែកំសាន្តស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ព្រមទាំងប្រែក្លាយសោភ័ណភាពឱ្យទៅជាទីក្រុងស៊ីវីល័យ មានសន្តិភាពពេញលេញ៕
ដោយ សុផល





