ក្រសួងការពារជាតិកម្ពុជា និងអាមេរិក ពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាអាមេរិកដឹកនាំដោយឯកឧត្ដម ជីមមី ផាន់នេតតា (Jimmy Panetta) សមាជិកសភាអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧ នៅទីស្តីការក្រសួង។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍ និងបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ជីមមី ផាន់នេតតា (Jimmy Panetta) និងប្រតិភូនៅពេលនេះគឺមានសារៈសំខាន់ណាស់ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរឡើង ។

ជាការពិតណាស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងមានតាំងពីយូរលង់ណាស់មកហើយ។ ចំពោះទំនាក់ទំនងកងទ័ពយើងទាំងពីរក៏មានភាពល្អប្រសើរ ហើយកន្លងមកមាននាយទាហាននៃកងយោធពលខេមរភូមិន្ទមួយចំនួន បានធ្លាប់ឆ្លងកាត់សាលាយោធានៅ សហរដ្ឋអាមេរិកជាពិសេស ដូចជាសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាដើម។ ក្រៅពីនេះកងទ័ពយើងទាំងពីរក៏បានធ្លាប់បានធ្វើលំហាត់យោធារួមគ្នា ប៉ុន្តែរហូតដល់ឆ្នាំ២០១៧ ត្រូវបានផ្អាក ហើយក៏មានគម្រោងជាច្រើនទៀតវដែលកងទ័ពអាមេរិកអាចបានជួយដល់កងយោធពលខេមរភូមិន្ទផងដែរ។

ក្នុងពេលថ្មីៗនេះក៏មានដំណើរទស្សនកិច្ចរបស់នាយឧត្តមនាវី សាមអ៊ែល ជីប៉ាប៉ារ៉ូ (Samuel J. Paparo) មេបញ្ជាការ បញ្ជាការដ្ឋាន ឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងបានចតនាវា USS SAVANNAH(LCS 28) ផងទៀត។

កន្លងមក ឯកឧត្ដម ឡយ អូស្ទីន (Lloyd Austin) អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ហើយបានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិ ដោយបានជំរុញទំនាក់ទំនងកងទ័ពយើងទាំងពីរឲ្យប្រសើរឡើងដោយចាប់ផ្តើមពីចំណុចមួយម្ដងៗ។
អំពីមូលដ្ឋានសមុទ្ររាម ឯកឧត្តមរដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមគឺមានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្ររបស់កម្ពុជា កម្ពុជាប្រឈមនឹងបញ្ហាមួយចំនួនរួមមាន ការនេសាទខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស ទំនើបកម្មមូលដ្ឋានសមុទ្ររាម មានគោលបំណងកែលម្អកន្លែងចូលសំចត សម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឲ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានស្នើសុំឱ្យភាគីអាមេរិកជួយដល់វគ្គហ្វឹកហ្វឺនកងកម្លាំងមួកខៀវកម្ពុជា មុននឹងចេញទៅបំពេញបេសកកម្ម និងសុំឱ្យភាគីអាមេរិកជួយបន្តផ្តល់អាហារូបករណ៍ដល់នាយទាហាន ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ ឱ្យបានចូលរៀនតាមបណ្ដាសាលារបស់សហរដ្ឋអាមេរិកផងដែរ។
ជាការឆ្លើយតប ប្រតិភូសភាអាមេរិកបានបញ្ជាក់ថានឹងនាំយកសំណើទាំងនេះទៅពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក ក្នុងការជួយបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា និងការផ្តល់អាហារូបករណ៍ដល់នាយទាហានរបស់កងយោធពលខេមរភូមិន្ទឱ្យបានចូលរៀនតាមបណ្ដាសាលាសហរដ្ឋអាមេរិក៕
ដោយ សំ សាម៉ន





