ឯកឧត្តម វង្សី វិស្សុត ចែកអំណោយសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណាយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីការអប់រំ" នៅវិទ្យាល័យទ្រៀលស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា សមាជិកព្រឹទ្ធសភា-រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ធំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន និងសមាជិកសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យទ្រៀល និងសាលាបឋមសិក្សានានានៅមូលដ្ឋានស្រុកតាំងគោក សរុបប្រមាណជាង៣៥០០នាក់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កាយវិការដ៏ប្រពៃថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា គឺជាការចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការជំរុញគន្លឹះអាទិភាពទី១ ក្នុងការអភិវឌ្ឍ មូលធនមនុស្ស។ ការចែកអំណោយសប្បុរធម៌ និងការឧបត្ថម្ភនូវ អគារសិក្សានៅថ្ងៃនេះបានបង្ហាញអំពីការយកចិត្ត ទុកដាក់លើវិស័យអប់រំក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសគឺជាការរួមចំណែកជំរុញឱ្យចក្ខុវិស័យ អប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និង រាជរដ្ឋាភិបាលកាន់តែឆាប់សម្រេចបានតាមការគ្រោងទុក។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជាបានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួន ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើមនៃគោលនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ននេះ ដែលកំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងឈ្លាសវៃ តាមមាគ៌ាដ៏ត្រឹមត្រូវដោយយុវជនបន្តវេនដ៏ប៉ិនប្រសប់របស់យើង គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ដើម្បីធានាឱ្យបាននិរន្តភាពនៃការីកចម្រើនរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ជាប្រមុខ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏ចម្បងបំផុត ដែលនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិ ដោយបានដាក់ចេញបន្ថែមពីលើគោលនយោបាយដែលមានស្រាប់ នូវវិធានការគន្លឹះចំនួន៤រួមមាន៖ ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ដោយផ្ដោតលើការគ្រប់គ្រងរបស់នាយកសាលា។ ២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា ទាំងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ៣. ការយកចិត្តទុកដាក់លើកសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និង៤. ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងអំណរគុណចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិកសមាជិកាសមាគម ព្រមទាំងសប្បុរសជនចំនួន១១៤រូបដែលបានចូលរួមបរិច្ចាគជាថវិកានិងសម្ភារសរុបជាទឹកប្រាក់ជាង១១៧៨៨៨៨ ដុល្លារអាមេរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃខេត្តកំពង់ធំ ក្នុងនោះរួមមាន៖ ការកសាងអគារសិក្សាចំនួន៥ខ្នង ស្នើនឹង៥៥បន្ទប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមវង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ និងសប្បុរសជន បានអញ្ជើញចែកអំណោយដោយផ្ទាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ក្នុងនោះជូនលោកគ្រូអ្នកគ្រូចំនួន១៨៥នាក់ ជាកញ្ចប់សម្លៀកបំពាក់ចម្រុះ កាតាបចំនួន១ កញ្ចប់និងថវិកា៦ម៉ឺនរៀល។ លោកគ្រូអ្នកគ្រូចំនួន១៦នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរ ក្នុងម្នាក់ៗទទួលបានកង់១គ្រឿង។ជូនលោកគ្រូអ្នកគ្រូចំនួន១៥នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរហើយនៅឆ្ងាយពីសាលា ម្នាក់ៗទទួលបានម៉ូតូ១គ្រឿង។ សិស្សានុសិស្សចំនួន៥៦៥០នាក់ ម្នាក់ៗទទួលបានសម្ភារសិក្សា១ឈុត ឯកសណ្ឋានសិស្ស១ឈុត សម្លៀកបំពាក់នៅផ្ទះ១ឈុត និងថវិកាចំនួន៤ម៉ឺនរៀល ព្រមទាំងបានជូនសិស្សានុសិស្សចំនួន៧៨៤នាក់ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ ម្នាក់ៗទទួលបានកង់ម្នាក់១គ្រឿង។

សមាគមក៏ជួយជួសជុលអគារ ផ្ដល់សម្ភារសិក្សា បរិក្ខាបង្រៀន សម្ភារព័ត៌មានវិទ្យាជូនដល់សាលាបឋមសិក្សាចំនួន៦កន្លែង ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ៥២៦០២ ដុល្លារអាមេរិក និងផ្តល់ការឧបត្ថម្ភជូនដល់កងកម្លាំង និងប្រជាការពារចំនួន៣៦៥នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល ក្រុមគ្រូពេទ្យថវិកា៥លានរៀល ក្រុមយុវជនស.ស.យ.កថវិកាចំនួន២លានរៀល ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់សរុបចំនួន ៣៥០០នាក់៕
ដោយ ស៊ុម វណ្ណា





