គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត២០២៥
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តព្រះសីហនុ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់ក្រុង-ស្រុកទាំង៦ របស់ខេត្តព្រះសីហនុ។

លោកជំទាវប្រធានគណៈកម្មាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំមានគោលបំណងពិនិត្យលទ្ធផលការងារប្រចាំឆ្នាំលើស្ថានភាពស្រ្តី និងកុមារ ជាពិសេសផ្តោតលើទិន្នន័យកុមារ យុវជ័យ និងស្រ្តីលើកិច្ចការពារកុមារនៅតាមឃុំ សង្កាត់ ក្រុង ស្រុក ដែលកំពុងត្រូវការការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរវិស័យពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ស្វែងយល់អំពីបញ្ហាប្រឈម និងដោះស្រាយក្នុងការកែលម្អស្ថានភាពសេវាសង្គម ក្នុងការអនុវត្តនៅក្នុងឆ្នាំ២០២៤ ពិភាក្សាលើអាទិភាពការងារសំខាន់ៗផ្នែកសេវាសង្គមសម្រាប់ឆ្នាំ២០២៤ ពិភាក្សាអំពីលទ្ធផលដែលក្រុង ស្រុកនីមួយៗបានរៀបចំ ដើម្បីសម្របសម្រួលស្វែងរកសេវាគាំទ្រដល់កុមារ យុវវ័យ និងស្រ្តីដែលងាយរងគ្រោះ។ រយៈពេលមួយឆ្នាំកន្លងមក ការបំពេញការងារ និងសកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ក្រុង ស្រុក និងអង្គការដៃគូនានាសហការគ្នាបានល្អ សំដៅលើការងារអនុវត្តសមត្ថភាពយេនឌ័រចំពោះស្រ្តី និងយុវវ័យ ដូច្នេះយើងត្រូវយកចិត្តទុកដាក់គាំទ្រដល់គណៈកម្មាធិការក្រុង ស្រុក ឃុំ សង្កាត់ ហើយសកម្មភាពការងាររបស់យើង ដែលបានអនុវត្តកន្លងមក ក៏ជាមោទនភាពមួយដែលមានភាពកក់ក្តៅក្នុងការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយភាពស្និទ្ធស្នាលជាមួយជនងាយរងគ្រោះ។

លោកជំទាវបានបញ្ជាក់ថា ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលចំពោះស្ត្រី យុវវ័យ និងស្ត្រីដែលងាយរងគ្រោះ គណ:កម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារបាន ចុះធ្វើសកម្មភាពផ្សេងៗមានដូចជា អន្តរាគមន៍ដោះស្រាយករណីពាក់ព័ន្ធនឹងស្ត្រី យុវវ័យ ចាស់ជរា ជនអនាថា និងជនរងគ្រោះនៅតាមមូលដ្ឋានខេត្តព្រះសីហនុចំនួន៣៣គ្រួសារ ស្មើនឹង២៣ករណី ចុះសួរសុខទុក្ខស្ត្រី កុមារ ជនងាយរងគ្រោះ ជនរងគ្រោះ ជនចាស់ជរា ស្រ្តីមានវិបត្តិគ្រួសារ ហានិភ័យភ្លើងឆេះ គ្រោះថ្នាក់ចរាចរណ៍ និងទឹកជំនន់ ចំនួន៧០គ្រួសារ បាននាំយកអំណោយជាសម្ភារ បាយ នំ ថវិកាដល់ស្ត្រីមានវិបល្លាស ស្មារតី ជនអនាថា នៅមណ្ឌលសំចតមន្ទីរសង្គមកិច្ចចំនួន៤លើក។ ដើម្បីសម្រេចបានលទ្ធផលក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី យុវវ័យ និងជនងាយរងគ្រោះ គណ:កម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ និងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ អង្គភាព ក្រុង ស្រុកទៅលើវិស័យអប់រំ សុខភាព ទឹកស្អាត និងអនាម័យ ពលកម្មកុមារ សង្គមកិច្ច សមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និងមានកិច្ចសហការជាមួយអង្គការដៃគូ។ ការអប់រំកុមារតូច មត្តេយ្យសិក្សាចំនួន ១៤២សាលា ក្នុងនោះមត្តេយ្យរដ្ឋ៧១សាលា មានសិស្សមត្តេយ្យសរុប ៧ ៨៨៧នាក់ ស្រី ៣ ៧៧០នាក់ ការងារសុខភាពមាតា និងទារក និងសកម្មភាពការងារមួយចំនួនផ្សេងទៀត។

លោកជំទាវបានណែនាំដល់គណ:កម្មាធិការពិគ្រោះយោបល់ក្រុង ស្រុក ឃុំ សង្កាត់ បង្កើនកិច្ចសហការជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអង្គការដៃគូនានា ដើម្បីប្រមូលព័ត៌មានតាមដានស្ថានភាពជីវភាព បញ្ហាប្រឈម និងហានិភ័យរបស់ប្រជាពលរដ្ឋចំណូលស្រុក និងកុមារងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដើម្បីយកមកពិភាក្សាស្វែងរកដំណោះស្រាយឪ្យចំគោលដៅ និងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងស្នើឱ្យមន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារីខេត្ត ជំរុញការគាំទ្រ និងសម្របសម្រួលបច្ចេកទេសដល់អ.ក.ន.កឃុំ សង្កាត់ ក្នុងនីតិវិធីឆ្លើយតប ការតាមដានករណីពាក់ព័ន្ធស្ត្រី កុមាររងគ្រោះ រហូតបិទបញ្ចប់ករណីឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនការផ្សព្វផ្សាយយុទ្ធនាការគ្រួសាររឹងមាំ ច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ច្បាប់ស្តីពី ការទប់ស្កាត់ការជួញដូរគ្រឿងញៀន ច្បាប់ស្តីពីការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ពលកម្មកុមារ និងច្បាប់ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋ ច្បាប់ចរាចរណ៍ និងការអប់រំផ្សព្វផ្សាយបង្ការការឆ្លងរាល ដាលថ្មីនៃជំងឺអេដស៍ជាដើម៕
ដោយ ងូ សុមុនី





