ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមចលនាស្រ្តីនៃគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមចលនាស្ត្រីនៃគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅមន្ទីរបក្សខេត្តកំពង់ស្ពឺ។

ក្នុងពិធិបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អចិន្ត្រៃយ៍បក្ស ព្រមទាំងសមាជិក សមាជិកា ននៃគណៈកម្មាធិការគណបក្សចំនួន១០៤នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ក្រុមចលនាស្រ្តីនៃគណៈចលនាមហាជនទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាជំនួយការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្នុងការងារដឹកនាំចលនាមហាជន របស់គណបក្សក្នុងស្រទាប់មហាជន យុវជន ស្ត្រី កម្មករ និយោជិត អង្គការសមាគម និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់ក្រុមការងារលេខាធិការដ្ឋាន សូមបន្តសហការជាមួយគណៈចលនា និងក្រុមចលនាទាំង៥ ដើម្បីតាមដានស្វែងយល់អំពីបញ្ហាប្រឈម សភាពការណ៍ និងសតិអារម្មណ៍មហាជននៅគ្រប់មជ្ឈដ្ឋាន ទាំងអស់ ឱ្យបានជាប់ជាប្រចាំ លើការពង្រឹងសមត្ថភាព នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាព នៃការផ្សព្វផ្សាយជូនមហាជនឱ្យកាន់តែទូលំទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្ជ្រាបឱ្យប្រជាជនយល់ច្បាស់ អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍន៍នៃប្រទេសជាតិលើគ្រប់វិស័យ៕

សូមបញ្ជាក់ថា៖សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការ លើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម។
ពេញមួយថ្ងៃម្សិលមិញនេះ សន្និបាតបានបើកការជជែកពិភាក្សាយ៉ាងផុលផុស ហើយក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រមួយចំនួនពាក់ព័ន្ធកិច្ចការមហាជនផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





