ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ជូនដល់អតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា កន្លងមកនៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន១៤១គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ផ្ទះថ្មីចំនួន១០០ខ្នងទៀត សម្រាប់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះផ្ទះ៦៥ខ្នងបានសាងសង់ជូនគ្រួសារអតីតយុទ្ធជនចំនួន៦៥គ្រួសារនៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអ្នកឧកញ៉ា លាង ឃុន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាពដែលបានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានអនុវត្តនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សសង្គ្រាមនាំមកនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា និងការឯកភាពជាតិពេញលេញ និងចំពោះបងប្អូនអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសនេះលោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៦៥ គ្រួសារដោយក្នុង១គ្រួសារទទួលបាននូវអង្ករ៥០គីឡូក្រាម មីជាតិ១កេស ទឹកត្រីទឹកស៊ីអ៊ីវ១កេស ទឹកភេសជ្ជៈអាយស៍២កេស ទឹកសុទ្ធ១កេស ត្រីខ២យួរ និងថវិកា១០ម៉ឺនរៀល។ ចំពោះបងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារផ្សេងទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះក្នុង១គ្រួសារទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ។ លោកអ្នកឧកញ៉ាក៏បានឧបត្ថម្ភថវិកាចំនួន៨០លានរៀល ចូលរួមចំណែកក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានគោរពអរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនៅរាល់ការលំបាកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ព្រោះបងប្អូនអតីតយុទ្ធជនយើងគឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំក្រុមគ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅផ្ទះថ្មីលើដីសម្បទានសង្គមកិច្ចជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវ ត្រូវខិតខំថែរក្សាសុខភាព បង្កបង្កើនផល កសាងជីវភាពថ្មីឱ្យបានល្អប្រសើរ ក្រោមដំបូលសុខសន្តិភាព និងចូលរួមក្នុងការកសាង និងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





