សហភាពអឺរ៉ុបកំពុងធ្វើការលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានBloomberg បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីសហភាពអឺរ៉ុបកំពុងធ្វើការយល់ព្រមលើកញ្ចប់ជំនួយយោធាដ៏ធំមួយថ្មីសម្រាប់អ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានបានឱ្យដឹងថា សហភាពអឺរ៉ុបអាចនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អាជ្ញាធរទីក្រុងគៀវ បន្ទាប់ពីការបោះឆ្នោតសភានៅប្រទេសអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកុម្ភៈ។
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបជាបន្ទាន់ស្តីពីអ៊ុយក្រែនប្រព្រឹត្តទៅនៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក អានតូញ៉ូ កូស្តា (Antonio Costa) និងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោក យូស៊ូឡា វ៉ុនដឺ ឡេយេន (Ursula von der Leyen)ក្នុងចំណោមអ្នកផ្សេងទៀត។ សហភាពអឺរ៉ុប បាននិយាយថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចាប់ផ្តើមការពិគ្រោះយោបល់រវាងមេដឹកនាំសហភាពអឺរ៉ុបស្តីពីស្ថានភាពនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅសហភាពអឺរ៉ុប។
មុននេះ កាសែត Financial Times បានដកស្រង់ប្រភពដែលនិយាយថា សហភាពអឺរ៉ុបបារម្ភថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមិនអញ្ជើញសហភាពអឺរ៉ុបឱ្យពិភាក្សាអំពីអ៊ុយក្រែនទេ ប៉ុន្តែនឹងបង្ខំឱ្យបង់ប្រាក់សម្រាប់ការកសាងឡើងវិញ និងការបញ្ជូនកងរក្សាសន្តិភាព៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





