បេសកជនសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងជួបពិភាក្សាគ្នានៅអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៨ ខែកុម្ភៈ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់ប្រភពថា កិច្ចប្រជុំនៃគណៈប្រតិភូសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែកុម្ភៈ។
យោងតាមសារព័ត៌មានដដែលបានឱ្យដឹងថា តំណាងជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏នឹងពិភាក្សាអំពីការរៀបចំសម្រាប់ជំនួបរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ គឺលោក ដូណាល់ ត្រាំ (Donald Trump)និងលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ផងដែរ។
មុននេះ បេសកជនពិសេសរបស់លោក ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ាលោក ស្ទេវ វីតកូស(Steve Witkoff) បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃគណៈប្រតិភូសហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ី ហើយលោករំពឹងថានឹងមានការរីកចម្រើនយ៉ាងច្រើនក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ លោក មៃ វ៉ាល់ហ្ស៍ (Mike Waltz) ក៏នឹងចូលរួមក្នុងកិច្ចប្រជុំផងដែរ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិកបានសន្ទនាតាមទូរស័ព្ទ។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៃការបញ្ឈប់អរិភាពនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនទៀត។ ភាគីទាំងពីរបានឯកភាពបន្តទំនាក់ទំនង និងរៀបចំកិច្ចប្រជុំទល់មុខគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





