ថៃ និងអូស្ត្រាលី បង្កើនទំនាក់ទំនងក្នុងការដឹកជញ្ជូន និងភស្តុភារ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសថៃ និងអូស្ត្រាលី កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការកាត់បន្ថយការបំភាយកាបូនក្នុងវិស័យភស្តុភារ ដូចដែលបានពិភាក្សារវាងឧបនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ូរីយ៉ា ជុនហ្គ្រុនហ្គ្រៀងគីត (Suriya Jungrungreangkit) និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសថៃ លោកស្រី អានហ្គេឡា ម៉ាកដូណាល់ (Angela Macdonald) នៅទីក្រុងបាងកក។
នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោកស្រី ម៉ាកដូណាល់ បានលើកឡើងពីគម្រោងផ្តល់ហិរញ្ញប្បទានវិនិយោគអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ស៊ូរីយ៉ា បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការសិក្សា និងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូររថយន្តក្រុងដឹកជញ្ជូនសាធារណៈពីម៉ាស៊ីនចំហេះខាងក្នុងទៅជារថយន្តអគ្គិសនី ការផ្លាស់ប្តូរចំណេះដឹងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយផ្តោតលើភាពធន់នឹងគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងគម្រោងស្ពានដី និងគោលនយោបាយដឹកជញ្ជូនតាមសមុទ្រប្រកបដោយនិរន្តរភាព។
រដ្ឋមន្ត្រីដឹកជញ្ជូនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយកាបូននៅក្នុងវិស័យដឹកជញ្ជូនតាមសមុទ្ររបស់ប្រទេសថៃ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រតិបត្តិការដឹកជញ្ជូន និងសកម្មភាពកំពង់ផែ។
លោកបាននិយាយថា កិច្ចសហការនេះនឹងជួយពង្រឹងផ្លូវដឹកជញ្ជូនបៃតង និងលើកកម្ពស់ការដឹកជញ្ជូនតាមសមុទ្រប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ លោកបានអំពាវនាវឱ្យមានការគាំទ្រពីប្រទេសអូស្ត្រាលីក្នុងការដេញថ្លៃនៅក្នុងប្រទេសថៃសម្រាប់អាសនៈក្រុមប្រឹក្សានៃអង្គការដែនសមុទ្រអន្តរជាតិ (IMO) សម្រាប់អាណត្តិ ២០២៦-២០២៧ ដោយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ស៊ូរីយ៉ា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើវិស័យផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





