ឥណ្ឌូណេស៊ី និងចក្រភពអង់គ្លេស សហការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- គណៈកម្មការលុបបំបាត់អំពើពុករលួយរបស់ប្រទេសឥណ្ឌូនេស៊ី (KPK) និងការិយាល័យការក្លែងបន្លំធ្ងន់ធ្ងរ (SFO) នៃចក្រភពអង់គ្លេស បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើករណីពុករលួយឆ្លងដែន។
គណៈកម្មការ KPK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមន្ត្រីមកពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយទាំងពីរបានពិភាក្សាអំពីផែនការសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីការស៊ើបអង្កេតដែលគ្រោងធ្វើនៅចុងខែនេះ។ គំនិតផ្តួចផ្តើមនេះនឹងមានការចូលរួមពីស្ថានទូតចក្រភពអង់គ្លេស ប៉ូលីសជាតិឥណ្ឌូណេស៊ី (Polri) និងព្រះរាជអាជ្ញា ក្នុងចំណោមអ្នកដទៃទៀត។
ប្រធានគណៈកម្មការ KPK លោក សេតយ៉ូ ប៊ូឌីយ៉ាន់តូ (Setyo Budiyanto) បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចក្រភពអង់គ្លេសមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការស៊ើបអង្កេតករណីស៊ីសំណូកដែលពាក់ព័ន្ធនឹងមន្ត្រីសាធារណៈ ហើយលោកសង្ឃឹមថា ការិយាល័យSFO និងគណៈកម្មការ KPK នឹងសហការគ្នាដើម្បីគាំទ្រដល់ការចូលទៅកាន់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD) របស់ប្រទេសឥណ្ឌូនេស៊ី។
លោកបានកត់សម្គាល់ថា គណៈកម្មការ KPK និងការិយាល័យ SFO ទទួលបានកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១០។ ការចុះ MoU បានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ និងបទពិសោធន៍លើករណីពុករលួយ និងការលាងលុយកខ្វក់ ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរួមគ្នា។
ទន្ទឹមនឹងនេះ ប្រធានការិយាល័យ SFO លោក អេបហ្គ្រាវ(Ephgrave) បានបញ្ជាក់ថា ការិយាល័យរបស់លោកមើលឃើញថាគណៈកម្មការ KPK ជាដៃគូយុទ្ធសាស្ត្រដ៏មានតម្លៃ និងយូរអង្វែង។
លោកបានបន្តទៀតថា ការិយាល័យ SFO គ្រោងនឹងបញ្ជូនអ្នកស៊ើបអង្កេតជាន់ខ្ពស់ ២នាក់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចែករំលែកការអនុវត្តល្អបំផុតក្នុងអំឡុងពេលសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





