វៀតណាមរំពឹងថានឹងនាំចេញអង្ករជាង ៧,៥លានតោននៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឱ្យដឹងថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងនាំចេញអង្ករជាង ៧,៥លានតោននៅឆ្នាំ២០២៥ ភាគច្រើនចេញពីដីសណ្ដទន្លេមេគង្គ។
របាយការណ៍ផ្គត់ផ្គង់ និងតម្រូវការរបស់ក្រសួង MARD ដែលបានផ្ញើទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានឱ្យដឹងថា គម្រោងដីសណ្តទន្លេមេគង្គនឹងធ្វើការដាំដុះស្រូវចំនួន ៣,៧៨លានហិកតាដែលផ្តល់ទិន្នផលជាង ២៣,៩៦លានតោន។ ក្នុងនោះ អង្ករពាណិជ្ជកម្មចំនួន១៥,០៨លានតោនស្មើនឹង ៧,៥៤លានតោននៃអង្ករសម្រូបនឹងមានសម្រាប់នាំចេញ។
បរិមាណអង្ករដែលបានគ្រោងទុករួមមាន ៥,៦៥លានតោន (៧៥%) អង្ករគុណភាពខ្ពស់ និងក្រអូប ៧៥៤,០០០តោន (១០%) និងអង្ករគុណភាពមធ្យម ១,១៣លានតោន (១៥%) ។ ការប៉ាន់ប្រមាណថា អង្ករចំនួន ៤,៥៣លានតោននឹងត្រូវបាននាំចេញនៅក្នុងឆមាសទីមួយនៃឆ្នាំនេះជាមួយនឹងបរិមាណជាង ៣លានតោននៅក្នុងពាក់កណ្តាលចុងក្រោយ។
ក្រសួង MARD បានណែនាំឱ្យក្រសួង MoIT ជំរុញការលើកកម្ពស់ពាណិជ្ជកម្ម ធានាការនាំចេញមានស្ថេរភាព ខណៈពេលដែលមានតុល្យភាពផលប្រយោជន៍សម្រាប់កសិករ និងអាជីវកម្ម។ ក្រសួងក៏បានស្នើឱ្យមានប្រព័ន្ធគ្រប់គ្រងរចនាសម្ព័ន្ធសម្រាប់ពាណិជ្ជករស្រូវ ដោយតម្រូវឱ្យពួកគេចុះឈ្មោះ និងចុះកិច្ចសន្យាជាមួយកសិករដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយអ្នកនាំចេញ។
ផ្ទៃដីដាំដុះស្រូវសរុបរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧លានហិកតា ដែលធ្លាក់ចុះ ១៣២.០០០ហិកតាពីឆ្នាំ២០២៤ ជាមួយនឹងទិន្នផលសរុបដែលត្រូវបានព្យាករណ៍ថាមានចំនួន៤៣,១៤លានតោនបានថយចុះចំនួន ៣២៣.០០០តោនពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





