រដ្ឋមន្ដ្រីការបរទេសនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យរដ្ឋមន្ត្រីការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេស លោក ចូ តេយុល (Cho Tae-yul) នឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង២០ដោយមានការយកចិត្តទុកដាក់នឹងកិច្ចប្រជុំដែលអាចធ្វើទៅបានជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ។
យោងតាមមន្ត្រីក្រសួងការបរទេស បានឱ្យដឹងថា លោក ចូ នឹងចូលរួមក្នុងការជួបជុំរយៈពេល ២ថ្ងៃនៅទីក្រុងចូហាន់ណេសប៊ឺហ្គ ដែលនឹងដំណើរការនៅថ្ងៃព្រហស្បតិ៍ ដោយការរៀបចំត្រូវបានធ្វើឡើងសម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយសមភាគីនៃប្រទេសដែលចូលរួមមួយចំនួននៅខាងក្រៅ។
ការផ្តោតសំខាន់ គឺថាតើលោក ចូ នឹងជួបជាមួយលោក វ៉ាង នៅគែមនៃកិច្ចប្រជុំនេះដែរឬទេ ខណៈដែលអ្នកការទូតកំពូលរបស់ប្រទេសចិនក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការជួបជុំនេះ។
ប្រសិនបើសម្រេចបានវានឹងក្លាយជាកិច្ចពិភាក្សាលើកដំបូងរវាងរដ្ឋមន្ត្រីទាំងពីរ ចាប់តាំងពីវិបត្តិនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្កឡើងដោយការប៉ុនប៉ងច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលបច្ចុប្បន្នត្រូវបានចោទប្រកាន់។
កិច្ចពិភាក្សានេះក៏នឹងធ្វើតាមការពិភាក្សារបស់លោក ចូ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) និងកិច្ចប្រជុំត្រីភាគីរបស់ពួកគេជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) ក្នុងប្រទេសអាល្លឺម៉ង់កាលពីសប្តាហ៍មុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





