កូរ៉េខាងត្បូង និងចិន ពិភាក្សាអំពីមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខេត្តជាំងស៊ូ ភាគខាងកើត ប្រទេសចិនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម។
យោងតាមក្រសួងបានឱ្យដឹងថា លោក គីម ជុងជុល (Kim Jong-chul) អគ្គនាយកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលបានជួបជាមួយលោក ហ្សូ ប៊ីន (Zhou Bin)លេខាបក្សកុម្មុយនិស្តនៃទីក្រុងយ៉ាន់ឆេង ក្នុងទីក្រុងជាំងស៊ូ ដើម្បីពិភាក្សាអំពីវិធានការផ្សេងៗដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
ខេត្តជាំងស៊ូត្រូវបានគេចាត់ទុកថាជាតំបន់ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់រវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង ជាមួយនឹងក្រុមហ៊ុនកូរ៉េធំៗមួយចំនួនដែលកំពុងប្រតិបត្តិការនៅទីនោះ រួមទាំងក្រុមហ៊ុនផលិតបន្ទះឈីប Samsung Electronics Co. និងក្រុមហ៊ុន SK hynix Inc. ក្រុមហ៊ុនផលិតរថយន្ត Kia Corp. និងក្រុមហ៊ុនផលិតអាគុយ LG Energy Solution Ltd.។
នៅក្នុងជំនួបនោះ លោក គីម បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងពាណិជ្ជកម្មពិភពលោក។
លោក គីម ក៏បានស្នើសុំឱ្យមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តជាំងស៊ូ និងទីក្រុងយ៉ាន់ឆេង ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានស្ថិរភាពសម្រាប់ក្រុមហ៊ុនកូរ៉េនៅទីនោះ។
ក្រសួងបាននិយាយថា លោក ហ្សូ បានចែករំលែកពីតម្រូវការសម្រាប់ទំនាក់ទំនងខ្សែ សង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំង ហើយបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបរិយាកាសអាជីវកម្មសម្រាប់ក្រុមហ៊ុនកូរ៉េ ដោយហៅប្រទេសកូរ៉េខាងត្បូងថាជា «ដៃគូដ៏សំខាន់បំផុត» សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





