អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានសម្លាប់មន្ត្រីយោធាក្រុមហាម៉ាស់នៅប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីសន្តិសុខអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មន្ត្រីយោធាក្រុមហាម៉ាស់ម្នាក់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍រួម បានឱ្យដឹងថា យោធាអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet បាននិយាយថា យន្តហោះចម្បាំង «បានវាយប្រហារ និងកម្ចាត់» លោក ម៉ូហាមម៉ដ សាហេន (Mohammad Shaheen) ក្នុងទីក្រុងស៊ីដុន ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសលីបង់។
សេចក្តីថ្លែងការណ៍បានកំណត់អត្តសញ្ញាណលោក សាហេន ដែលជា«ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ក្រុមហាម៉ាស់ នៅក្នុងប្រទេសលីបង់»ហើយបានចោទប្រកាន់លោកថា ថ្មីៗនេះបានរៀបចំផែនការវាយប្រហារប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែលមកពីប្រទេសលីបង់ ក្រោមការដឹកនាំ និងការផ្តល់មូលនិធិដោយប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ក៏បានពណ៌នាលោកថាជា «ប្រភពចំណេះដឹងដ៏សំខាន់» សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីប្រទេសលីបង់។
លោក អាល់ ម៉ាយ៉ាដេន (Al Mayadeen) ដែលជាអ្នកផ្សព្វផ្សាយគាំទ្រក្រុមហេសបូឡាហ៍ មានមូលដ្ឋាននៅប្រទេសលីបង់ បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តនៅច្រកចូលទីក្រុងស៊ីដុន។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃមុនពេលអ៊ីស្រាអែលគ្រោងនឹងបញ្ចប់ការដកកងទ័ពទាំងស្រុងចេញពីប្រទេសលីបង់ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានបញ្ចប់ការប្រយុទ្ធគ្នា រយៈពេល ១៤ខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍។ រយៈពេលផុតកំណត់នៅថ្ងៃទី១៨ខែកុម្ភៈ ត្រូវបានកំណត់បន្ទាប់ពីអ៊ីស្រាអែល និងលីបង់ បានយល់ព្រមពន្យារពេលកាលបរិច្ឆេទដើមចុងខែមករា។ ទោះជាយ៉ាងណាក៏ដោយអ៊ីស្រាអែលទទូចលើការរក្សាកងទ័ពនៅក្នុងទីតាំងចំនួន ៥នៅភាគខាងត្បូងប្រទេសលីបង់ លើសពីកាលបរិច្ឆេទកំណត់ថ្មី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





