ក្រុមហ៊ុន Microsoft នឹងវិនិយោគបន្ថែមទៀតនូវទឹកប្រាក់ ៧០០លានដុល្លារអាម៉េរិកនៅក្នុងប្រទេសប៉ូឡូញ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមហ៊ុន Microsoft បានបញ្ជាក់ពីការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសប៉ូឡូញប្រហែល ២,៨ប៊ីលានប៉ូឡូញស្លូទី (zloty) (៧០០លានដុល្លារអាម៉េរិក) បន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូស (Donald Tusk) និងអនុប្រធានក្រុមហ៊ុន Microsoft និងប្រធានាធិបតី លោក ប្រេដ ស្មីត (Brad Smith)កាលពីថ្ងៃចន្ទ។
លោក ទូស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ការវិនិយោគដែលក្រុមហ៊ុន Microsoft បានបញ្ជាក់នៅថ្ងៃនេះ នៅក្នុងតំបន់Mazovia គឺជាការបន្តនៃដំណាក់កាលទីមួយដែលបានបញ្ចប់នៅឆ្នាំ២០២៣»។
យោងតាមលោក ស្មីត បានឱ្យដឹងថា ដំណាក់កាលថ្មីនៃការវិនិយោគដែលមានទឹកប្រាក់សរុប ៧០០លានដុល្លារអាម៉េរិកនឹងត្រូវបានអនុវត្តន៍ចាប់ពីពេលនេះរហូតដល់រដូវក្តៅឆ្នាំ២០២៦។
លោកបានរំលឹកថា ក្រុមហ៊ុន Microsoft បានវិនិយោគមួយប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០ ដើម្បីបង្កើតតំបន់ពពកក្នុងប្រទេសប៉ូឡូញ ដែលការងារនេះត្រូវបានបញ្ចប់នៅឆ្នាំ២០២៣។ ការវិនិយោគដែលបានប្រកាសថ្មីគឺជាដំណាក់កាលទី២ ដែលមានគោលបំណងជំរុញថាមពលកុំព្យូទ័រនៅក្នុងប្រទេសប៉ូឡូញ និងតំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុប។
លោកបានបន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុន Microsoft លើសេវាកម្មពពក និងថាមពលកុំព្យូទ័រនៅក្នុងប្រទេសប៉ូឡូញ នឹងត្រូវប្រើប្រាស់ជាចម្បងសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធប៉ូឡូញ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





