វិមានក្រឹមឡាំង៖ ទីក្រុងមូស្គូបើកឱ្យលោក ត្រាំ ធ្វើទស្សនកិច្ចនៅពេលណាក៏បាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅពេលណាក៏បាន ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាទៅវិញទៅមក។
ការអត្ថាធិប្បាយលើការរំពឹងទុកនៃគណៈប្រតិភូរុស្ស៊ីដែលមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ប៉េសកូវ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចលុបចោលទណ្ឌកម្មផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សប្រឆាំងនឹងមន្ត្រី រុស្ស៊ីប្រសិនបើមានឆន្ទៈ។
ដូចគ្នានេះផងដែរ លោកបាននិយាយថា កិច្ចប្រជុំនាពេលអនាគតរវាងប្រធានាធិបតីរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងតម្រូវឱ្យមាន «កិច្ចខិតខំប្រឹងប្រែងពិសេស» រួមទាំងការរៀបចំលម្អិតនៃរបៀបវារៈដើម្បីដោះស្រាយបញ្ហាទ្វេភាគី។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានសរសើរពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីរកាលពីថ្ងៃពុធថា ជា «សញ្ញាដ៏រឹងមាំដែលឥឡូវនេះយើងនឹងខិតខំដោះស្រាយបញ្ហាតាមរយៈការសន្ទនា។ យើងនឹងពិភាក្សាអំពីសន្តិភាពមិនមែនសង្គ្រាមនោះទេ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





