តួកគីជួយស៊ីរីក្នុងការជួសជុលអាកាសយានដ្ឋានអន្ដរជាតិដាម៉ាស់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធតួកគី លោក អាប់ឌុលកាដៀ យូរ៉ាឡូហ្គូ (Abdulkadir Uraloglu) បាននិយាយថា ក្រុមបច្ចេកទេសដែលមានមនុស្ស ២៥នាក់មកពីប្រទេសតួកគី បានចាប់ផ្តើមធ្វើការនៅក្នុងប្រទេសស៊ីរី ដើម្បីជួសជុលអាកាសយានដ្ឋានអន្តរជាតិដាម៉ាស់។
លោក យូរ៉ាឡូហ្គូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ក្រុមរបស់យើងដែលមានបុគ្គលិកមកពីអគ្គនាយកដ្ឋាននៃអាជ្ញាធរអាកាសយានដ្ឋានរដ្ឋត្រូវបានដាក់ពង្រាយដើម្បីស្ដារអាកាសយានដ្ឋានអន្តរជាតិដាម៉ាស់ ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងក្លាយជាមិនអាចដំណើរការបានក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរីរយៈពេល ១៣ឆ្នាំ»។
លោកបាននិយាយថា ក្រុមដែលមានសមាជិក ២៥នាក់បានធ្វើដំណើរទៅក្នុងប្រទេសស៊ីរីតាមច្រកព្រំដែន Cilvegozu ក្នុងខេត្តហាតាយ ភាគខាងត្បូងនៃប្រទេសតួកគី កាលពីថ្ងៃទី៧ ខែកុម្ភៈ។
រដ្ឋមន្ត្រីតួកគីបានពន្យល់ថា ក្រុមបច្ចេកទេសដែលរួមមាន អ្នកឯកទេសខាងការរុករក អេឡិចត្រូនិច ចរាចរណ៍ផ្លូវអាកាស ស្ថានីយអេឡិចត្រូនិចសន្តិសុខ និងការជួយសង្គ្រោះអាកាសយានដ្ឋាន និងពន្លត់អគ្គីភ័យ បានប្រគល់សម្ភារៈសំខាន់ៗដល់អាកាសយានដ្ឋាននេះ។
លោកបាននិយាយថា «ដើម្បីធានាបាននូវប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន និងក្នុងដែនអាកាសស៊ីរី យើងបានបញ្ជូនយានជំនិះ ឧបករណ៍ និងប្រព័ន្ធចំនួន ១១៣គ្រឿងតាមរយៈឡានដឹកទំនិញចំនួន ៦គ្រឿង។ ក្រុមការងាររបស់យើងមិនត្រឹមតែដំឡើងឧបករណ៍ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបញ្ចប់ការបណ្តុះបណ្តាលបុគ្គលិកអាកាសយានដ្ឋានផងដែរ»។
ប្រទេសតួកគីដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសស៊ីរីក្នុងឆ្នាំ២០១២ ដោយបានសម្តែងការគាំទ្រសម្រាប់ការផ្លាស់ប្តូរសន្តិភាពនៅក្នុងប្រទេសបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីស៊ីរីលោក បាសារ អាល់ អាសសាដ (Bashar al-Assad) ។ ទីក្រុងអង់ការ៉ាបានសន្យាគាំទ្ររដ្ឋាភិបាលស៊ីរីថ្មីក្នុងការកសាងប្រទេសឡើងវិញ និងបង្កើតរចនាសម្ព័ន្ធរដ្ឋរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





