ស្លាប់ ២នាក់ និងរបួស ៤នាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមទីភ្នាក់ងារព័ត៌មានជាតិផ្លូវការ (NNA) បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារលើរថយន្តមួយនៅក្នុងស្រុកអ៊ីកលីម អាល់ ទូហ្វហ្វាហ៍ (Iqlim al-Tuffah) ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់មនុស្ស ២នាក់ និង ៤នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារនេះបានកើតឡើងនៅម៉ោង៧:២០នាទីយប់ (ម៉ោងក្នុងស្រុក) នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលតម្រង់មកលើរថយន្តដោយបានដុតបំផ្លាញ និងសម្លាប់អ្នកដំណើរទាំងពីរនាក់នៅខាងក្នុង។
ទន្ទឹមនឹងនេះដែរ ស្ត្រី ៤នាក់មកពីសាលាក្រុងអារ៉ាប់ សាលីម ក្នុងសង្កាត់ណាបាទីហ៍ (Nabatieh) រួមទាំងបងប្អូនស្រី ៣នាក់បានរងរបួសពេលធ្វើដំណើរឆ្លងកាត់តំបន់នោះ នៅពេលមានកូដកម្ម។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល Nabih Berri ក្នុងទីក្រុងណាបាទីហ៍ ដើម្បីព្យាបាល។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក អាវីចាយ អាដ្រេ (AvichayAdraee) បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា យន្តហោះមួយគ្រឿងបានធ្វើការវាយប្រហារលើប្រតិបត្តិការដ៏សំខាន់មួយក្នុងអង្គភាពអាកាសរបស់ក្រុមហេបូឡាហ៍ នៅភាគខាងត្បូងប្រទេសលីបង់។
លោក អាដ្រេ បាននិយាយថា ប្រតិបត្តិការនេះត្រូវបានកំណត់គោលដៅបន្ទាប់ពីការរំលោភម្តងហើយម្តងទៀតនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការចូលរួមក្នុងការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកទៅកាន់ទឹកដីអ៊ីស្រាអែល។
កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេបូឡាហ៍ និងយោធាអ៊ីស្រាអែល បានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយបានបញ្ឈប់ការប៉ះទង្គិចគ្នាជាងមួយឆ្នាំដែលបង្កឡើងដោយសង្រ្គាមនៅតំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





