សាកសពមិនស្គាល់អត្តសញ្ញាណចំនួន ៥៩នាក់ត្រូវបានរកឃើញនៅប្រទេសលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប៉ូលីសលីប៊ីបានធ្វើកោសល្យវិច្ច័យពីការរកឃើញសាកសពមិនស្គាល់អត្តសញ្ញាណចំនួន ៥៩នាក់នៅក្នុងទីក្រុងគូហ្វ្រា ភាគអាគ្នេយ៍។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រហូតមកដល់ពេលនេះ ក្រុមប៉ូលីសកោសល្យវិច្ច័យបានរកឃើញសាកសពប្រហែល៥៩នាក់ ដែលជាផ្នែកនៃនីតិវិធីមនុស្សធម៌ និងផ្លូវច្បាប់សម្រាប់ប្រតិបត្តិការស៊ើបអង្កេត និងស្វែងរកឯកសារ» ដោយប៉ូលីសមិនបានបង្ហាញអត្តសញ្ញាណរបស់ជនរងគ្រោះនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បានឱ្យដឹងថា ការិយាល័យអគ្គមេធាវីបាននិយាយថា សាកសពជនចំណាកស្រុកចំនួន៥៨នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងគូហ្វ្រា។ ប៉ូលីសនៅក្នុងសង្កាត់ជូហ្វ្រា ប្រទេសលីប៊ី បានប្រកាសថា ក្រុមប៉ូលីសបានចាប់ខ្លួនសមាជិកចំនួន ៣នាក់នៃក្រុមឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ពីបទចាប់ជំរិត និងធ្វើទារុណកម្មជនចំណាកស្រុក។
ការិយាល័យអគ្គមេធាវីបានប្រកាសកាលពីថ្ងៃទី៩ ខែកុម្ភៈថា សេវាសន្តិសុខក្នុងទីក្រុងគូហ្វ្រា បានដោះលែងជនចំណាកស្រុកចំនួន ៧៦នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមឧក្រិដ្ឋជន ហើយបានរកឃើញសាកសពជនចំណាកស្រុកចំនួន ២៨នាក់ដែលកប់នៅជិតកន្លែងឃុំឃាំង។
ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេសចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ លោក ម៉ាមម៉ា ហ្វាដដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ២០១១ ជនចំណាកស្រុកជាច្រើនដែលភាគច្រើនជាជនជាតិអាហ្វ្រិកបានជ្រើសរើសឆ្លងកាត់សមុទ្រមេឌីទែរ៉ានេទៅកាន់សហភាពអឺរ៉ុបពីប្រទេសលីប៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





