មនុស្ស ៤៨នាក់បានស្លាប់នៅក្នុងការបាក់រលំអណ្តូងរ៉ែមាសនៅភាគខាងលិច ប្រទេសម៉ាលី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមគណនីសាក្សីផ្ទាល់ពីតំបន់នោះ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៤៨នាក់ដែលភាគច្រើនជាស្ត្រីត្រូវបានសម្លាប់ នៅពេលដែល «កន្លែងរុករករ៉ែមាសដែលដំណើរការដោយខុសច្បាប់» បានបាក់រលំនៅភាគខាងលិចប្រទេសម៉ាលី។
សោកនាដកម្មនេះបានកើតឡើងនៅភូមិប៊ីឡាល់កូតូ (Bilalkoto)ដែលជាភូមិមួយនៅក្នុងឃុំដាបៃ (Dabia) ស្ថិតនៅក្នុងស្រុកកេនីបា(Kenieba) នៃតំបន់ Kayes ។
មន្ត្រីក្នុងតំបន់ម្នាក់ដែលបាននិយាយប្រាប់សារព័ត៌មានស៊ីនហួ ដោយមិនបញ្ចេញឈ្មោះថា ម៉ាស៊ីន Caterpillar ត្រូវបានគេមើលឃើញថា បានធ្លាក់ទៅលើអណ្តូងរ៉ែដែលស្ត្រីមួយក្រុមកំពុងធ្វើការស្វែងរកមាស។
មន្ត្រី និងសាក្សីផ្សេងទៀតបានបញ្ជាក់ថា «ស្ត្រីចំនួន ៤៨នាក់បានស្លាប់នៅនឹងកន្លែង» ខណៈអ្នករបួសធ្ងន់ធ្ងរប្រមាណ ១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកដើម្បីព្យាបាល។
មន្ត្រីបានប្រាប់សារព័ត៌មានស៊ីនហួថា «ប្រភពខ្លះបានរាយការណ៍អំពីការស្លាប់ចំនួន ៥០នាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ វាពិបាកក្នុងការបញ្ជាក់ចំនួនអ្នកស្លាប់ឱ្យពិតប្រាកដ ឫសូម្បីតែបណ្តោះអាសន្នដោយសារចំនួនអាចកើនឡើងនៅពេលណាមួយ ដោយសារតែភាពធ្ងន់ធ្ងរនៃរបួសមួយចំនួន»។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





