អាជ្ញាធរសុខាភិបាលសហភាពអឺរ៉ុបជំរុញឱ្យមានការគាំទ្របន្ថែមទៀតជាមួយអង្គការ WHO
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- អាជ្ញាធរសុខាភិបាលជាតិរបស់សហភាពអឺរ៉ុបចំនួន ៦ស្ថាប័នបានអំពាវនាវឱ្យបង្កើនការចូលរួមរបស់សហភាពអឺរ៉ុបជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនចេញពីសហរដ្ឋអាមេរិកដែលមានសក្តានុពល។
ប្រធានវិទ្យាស្ថានហ្វាំងឡង់សម្រាប់សុខភាព និងសុខុមាលភាព(THL) និងស្ថាប័នសុខភាពជាតិចំនួន ៥ស្ថាប័នផ្សេងទៀតរបស់សហភាពអឺរ៉ុបបានបោះពុម្ពលិខិតដោយចំហមួយនៅក្នុងទស្សនាវដ្តី Lancet ដែលបានលើកឡើងពីបញ្ហាប្រឈមបណ្តាលមកពីការចាកចេញរបស់សហរដ្ឋអាមេរិក។ លិខិតនោះបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបត្រូវតែឆាប់ទទួលតួនាទីធំជាងនេះក្នុងអង្គការ WHO។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយវិទ្យាស្ថានTHL បានឱ្យដឹងថា លិខិតនោះបានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបមិនត្រឹមតែបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ពួកគេដល់អង្គការសុខភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជូនអ្នកជំនាញបន្ថែមទៀតទៅកាន់អង្គការផងដែរ។ ការអំពាវនាវនេះត្រូវបានចុះហត្ថលេខាដោយស្ថាប័នសុខភាពជាតិនៃប្រទេសន័រវេស ដាណឺម៉ាក បារាំង អូទ្រីស និងព័រទុយហ្គាល់។
សហរដ្ឋអាមេរិកគឺជាអ្នករួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់អង្គការWHO និងផ្គត់ផ្គង់អ្នកជំនាញរាប់រយនាក់ដល់អង្គការនេះ។ លិខិតនោះបានព្រមានថា ការពឹងផ្អែកខ្លាំងរបស់អង្គការ WHO លើសហរដ្ឋអាមេរិកបានបង្កហានិភ័យយ៉ាងសំខាន់ដែលជាក្តីបារម្ភដែលឥឡូវនេះកំពុងក្លាយជាការពិត។
អង្គការ WHO ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងវិបត្តិសុខភាពដែលទាក់ទងនឹងជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោក។ អង្គការនេះក៏អនុវត្តន៍បានគំនិតផ្តួចផ្តើមផ្នែកសុខភាពសាធារណៈសំខាន់ៗនៅក្នុងប្រទេសដែលមិនសូវមានការអភិវឌ្ឍ ដូចជាកម្មវិធីសុខភាពមាតា និងការចាក់វ៉ាក់សាំងកុមារ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅចុងខែមករាថា ប្រទេសនេះនឹងដកខ្លួនចេញពីអង្គការ WHO នៅដើមឆ្នាំ២០២៦៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





