រដ្ឋមន្ដ្រីការបរទេសចិន៖ ចិននឹងធ្វើការជាមួយអូទ្រីស ដើម្បីគាំទ្រពហុភាគីនិយម
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសអូទ្រីស ដើម្បីរួមគ្នាផ្តល់សំឡេងគាំទ្រសម្រាប់ការលើកស្ទួយពហុភាគីនិយម រក្សាសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិការពារនីតិរដ្ឋ និងបដិសេធការគំរាមកំហែងដោយឯកតោភាគី។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយអធិការបតីបណ្តោះអាសន្នអូទ្រីស និងជារដ្ឋមន្ត្រីការបរទេសលោក អាឡិចសាន់ដឺ ស្កាល់លេនប៊ឺហ្គ (Alexander Schallenberg) នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងម៉ូនិក។
ដោយកត់សម្គាល់ថា បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខត្រួតស៊ីគ្នា និងហានិភ័យសេដ្ឋកិច្ច ក៏ដូចជាកត្តាអស្ថិរភាព និងភាពមិនច្បាស់លាស់នោះ លោក វ៉ាង បាននិយាយថា សហគមន៍អន្តរជាតិមានការព្រួយបារម្ភអំពីការបែកបាក់ និងការប្រឈមមុខគ្នា ខណៈដែលសហគមន៍អន្តរជាតិប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាព។
លោកបាននិយាយថា ប្រទេសចិនស្វាគមន៍ប្រទេសអូទ្រីសក្នុងការចាប់យកឱកាសថ្មីដែលនាំមកដោយការអភិវឌ្ឍរបស់ប្រទេសចិន ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញទំនាក់ទំនងចិន-អូទ្រីស ឱ្យបន្តដឹកនាំទំនាក់ទំនងចិន-សហភាពអឺរ៉ុប។
ចំណែកលោក ស្កាល់លេនប៊ឺហ្គ បាននិយាយថា ប្រទេសអូទ្រីស និងចិន គោរពគ្នាទៅវិញទៅមក ហើយបានអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាទ្វេភាគី និងពហុភាគី។ លោកបាននិយាយថា ប្រទេសអូទ្រីសស្រឡាញ់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។
លោកបាននិយាយថា ប្រទេសអូទ្រីសកោតសរសើរចំពោះការប្រកាន់ខ្ជាប់របស់ចិនចំពោះពហុភាគីនិយម ហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីរក្សាគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី២ លោកបានបន្ថែមថា ប្រទេសអូទ្រីសវាយតម្លៃខ្ពស់ចំពោះឥទ្ធិពលរបស់ប្រទេសចិន ហើយសង្ឃឹមថាប្រទេសចិននឹងអនុវត្តន៍ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





