ណាមីប៊ីយល់ព្រមលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- គណៈរដ្ឋមន្ត្រីរបស់ប្រទេសណាមីប៊ីបានអនុម័តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមករវាងក្រសួងកិច្ចការផ្ទៃក្នុង អន្តោប្រវេសន៍ សុវត្ថិភាព និងសន្តិសុខ (MHAISS) និងប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោកស្រី អេមម៉ា ថេអូហ្វីលូស (Emma Theofilus) បានប្រកាសពីការសម្រេចចិត្តនេះ ក្នុងអំឡុងពេលសន្និសីទគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ប្រទេសក្នុងឆ្នាំនេះ។
យោងតាមលោកស្រី ថេអូហ្វីលូស បានឱ្យដឹងថា កិច្ចព្រមព្រៀងនឹងអនុវត្តន៍ចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការពីប្រទេសទាំងពីរ។
នៅខែឧសភា ឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីរបស់ប្រទេសណាមីប៊ីបានអនុញ្ញាតឱ្យក្រសួង MHAISS កំណត់តម្រូវការទិដ្ឋាការសម្រាប់ជនជាតិមកពីប្រទេសដែលមិនបានអនុវត្តន៍គោលនយោបាយទិដ្ឋាការរបស់ប្រទេសណាមីប៊ី។
ការសម្រេចចិត្តនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងការទូតដោយស្មើភាព និងមានតុល្យភាពបានប៉ះពាល់ដល់ប្រទេសចំនួន ៣១ រួមមានប្រទេសបែលហ្សិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់អង់គ្លេស និងសហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





