ប្រធានអង្គការណាតូកោតសរសើរចំពោះការពិភាក្សាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលប្រកបដោយភាពជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- អគ្គលេខាធិការអង្គការណាតូលោក ម៉ាក រុតតេ (Mark Rutte) បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអង្គការណាតូនៅទីក្រុងប្រ៊ុចសែលថា ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជាជោគជ័យមួយ។
លោកបាននិយាយថា «វាបានផ្តល់នូវចំណាប់អារម្មណ៍យ៉ាងច្បាស់ថាវាជាការជជែកតាមទូរស័ព្ទមួយដ៏ជោគជ័យ។ យើងទាំងអស់គ្នាចង់បានសន្តិភាពនៅអ៊ុយក្រែន»។
លោក រុតតេ បានរំលឹកឡើងវិញថា វាចាំបាច់ណាស់ដើម្បីធានាថាអ៊ុយក្រែនស្ថិតក្នុងតួនាទីនៃកិច្ចចរចាល្អបំផុត។ លោកបាននិយាយបន្ថែមថា «វាសំខាន់ណាស់ដែលសន្តិភាពស្ថិតស្ថេរ»។ ប្រធានអង្គការណាតូបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តនឹងពិភាក្សាអំពីបញ្ហានេះក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។
លោក ពូទីន និងលោក ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែកុម្ភៈ។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហានៃការបញ្ឈប់អរិភាពនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនទៀត ហើយបានព្រមព្រៀងបន្តទំនាក់ទំនង និងរៀបចំកិច្ចប្រជុំផ្ទាល់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





