វិមានក្រឹមឡាំងចាប់ផ្តើមបង្កើតក្រុមអ្នកចរចាជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបង្កើតក្រុមការងាររួចហើយសម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក រួមទាំងដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន។
នៅពេលត្រូវបានសួរថា តើរុស្ស៊ីបានចាប់ផ្តើមបង្កើតក្រុមចរចាដោយខ្លួនឯងដែរឬទេ លោកបាននិយាយថា «ដោយមិនសង្ស័យ ការងារបានចាប់ផ្តើមហើយ។ ដរាបណាប្រធានាធិបតីធ្វើការសម្រេចចិត្តពាក់ព័ន្ធយើងនឹងជូនដំណឹងដល់អ្នក»។ លោក ប៉េសកូវ មិនបានបញ្ជាក់ថា តើអ្នកណាអាចដឹកនាំក្រុមការងារនេះបានទេ ដោយលោកបានកត់សម្គាល់ថាវានឹងត្រូវបានរាយការណ៍បន្ទាប់ពីមានសេចក្តីសម្រេចពាក់ព័ន្ធណាមួយរបស់លោក ពូទីន។
នៅពេលមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បាននិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនមានបំណងចាប់ផ្តើមកិច្ចចរចាភ្លាមៗ ស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន។លោកបាននិយាយថា លោកបានស្នើសុំឱ្យលោករដ្ឋមន្រ្តី ម៉ាកូ រូប៊ីយ៉ូ(Marco Rubio) លោក ចន រេតគ្លីហ្វហ្វើ (John Ratcliffe) នាយក CIAលោក ម៉ៃឃើល វ៉ល់ (Michael Waltz) ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេស លោក ស្ទេវ វីកកូហ្វ (Steve Whitkoff) ដើម្បីដឹកនាំកិច្ចពិភាក្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





