កងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរកងរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៦នាក់ ដែលត្រូវចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នារាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដល់កងកម្លាំងទាំងអស់។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងបញ្ជាក់ថា កងកម្លាំងរាជអាវុធហត្ថមួកខៀវចេញទៅចូលរួមបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានលើកឡើងថា កម្លាំងទាំងអស់នេះ មុនចេញទៅបេសកកម្ម គឺបានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាលលើជំនាញជាច្រើន ដូចជា សិក្សាអំពីសិទ្ធិមនុស្ស សិក្សាពីប្រវត្តិរបស់ប្រទេស៊ូដង់ខាងត្បូង ការការពារជនស៊ីវិល ការការពារកុមារ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ក្រមសីលធម៌របស់កងទ័ពមួកខៀវ ច្បាប់សង្គ្រាម និងបទដ្ឋានប្រតិបត្តិការរបស់កងរាជអាវុធហត្ថ និងការទទួលខុសត្រូវរបស់មន្ត្រីអាវុធហត្ថអង្គការសហប្រជាជាតិ។

ចំពោះការងាររបស់កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា ដែលត្រូវបំពេញ គឺត្រួតពិនិត្យសណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុង និងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារកងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សែម រតនា បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ដែលត្រូវចេញទៅបំពេញការងារបេសកកម្មនាខែកុម្ភៈខាងមុខនេះ ត្រូវតែអនុវត្តន៍ឱ្យបាននូវអ្វីដែលរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិបានដាក់ចេញ និងត្រូវគោរពឱ្យបាននូវច្បាប់របស់អង្គការសហប្រជាជាតិ៕


ដោយ៖ សំ សាម៉ន





