ក្រសួងបរិស្ថានច្រានចោលការផ្សាយរបស់កាសែត The Nation Thailand ករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានប្រកាសច្រានចោលចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥សូមធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរូបភាពផ្កាយរណប ព្រមទាំងទិសខ្យល់ ដែលមួយរយៈពេលកន្លងមកបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមាន មូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។ ដោយឡែក ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។ ក្នុងន័យនេះ សូមសាធារណជនកុំជឿលើការផ្សព្វផ្សាយ ដែលគ្មានការពិតនេះឱ្យសោះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ភ្លើងឆេះព្រៃ មិនធ្វេសប្រហែសបណ្តាលឱ្យមានភ្លើងឆេះព្រៃ ដែលនាំឱ្យមានការបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះ ប៉ះពាល់ដល់សុខភាពបរិស្ថាន និងជាពិសេសប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិមេត្តាជ្រាប៕
ដោយ៖ ប៊ុនរិទ្ធ





