ពិធីបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីឃុំបឹងគ្រំ ស្រុកល្វាឯម
AKP កណ្ដាល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥-- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីចំនួន២ភូមិ គឺភូមិបឹងគ្រំលើ និងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានក្បាលដីចំនួន៣ ០៥៥ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញបណ្ណកម្មសិទ្ធិជូន ដោយពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណវត្តបឹងគ្រំ ។

ថ្លែងក្នុងពិធីនោះ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានបញ្ជាក់ថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ គឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង ហើយក្បាលដីដែលមិនមានទំនាស់នោះក្រុមការងារនឹងចុះបញ្ជីចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនម្ចាស់ដី។


ជាមួយគ្នានោះ លោកអនុប្រធានមន្ទីរបានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមាន រយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក ដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ បានបិទផ្សាយរួចមកដល់ពេលនេះចំនួន០៨លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០២ភូមិ គឺភូមិបឹងគ្រំលើ និងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ មានចំនួន ៣,០៥៥ក្បាលដី បានចែកបណ្ណរួចចំនួន០៦លើក សរុបបានចំនួន ៤,៧០៩បណ្ណ។
ថ្លែងក្នុងឱកាសនោះលោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម បានមានប្រសាសន៍លើកឡើងថា គោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាស បិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹងដើម្បីដោះស្រាយជូន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





