ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលថាប្លេតរបស់រដ្ឋាភិបាលអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល ថាប្លេតចំនួន៥៤៦គ្រឿង របស់រដ្ឋាភិបាលអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងសហការី។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលអូស្ត្រាលី(DFAT) ដែលបានផ្តល់ការគំាទ្រដល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រចាប់តំាងពីឆ្នាំ២០២០ ជាពិសេសតាមរយៈការធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សារៈសំខាន់ដល់ការគំាទ្រលើកកម្ពស់កម្មវិធីជំនួយសង្គមក្នុងក្របខ័ណ្ឌប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងនាថ្ងៃនេះបានផ្តល់ឧបករណ៍ថាប្លេតចំនួន៥៤៦គ្រឿង និងអាវយឺតចំនួន៦០០០អាវ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការប្រើឧបករណ៍ថាប្លេតតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានជួយដោះស្រាយបញ្ហាការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឧបករណ៍ថាប្លេត ដែលក្រសួងផែនការទទួលបានពី UNDP និងរដ្ឋាភិបាលអូស្ត្រាលី (DFAT) នឹងត្រូវយកទៅចែកជូនដល់ឃុំ សង្កាត់ ជំនួសឱ្យថាប្លេតដែលខូច ឬចាស់ដើម្បីពង្រឹងនិងធានាប្រសិទ្ធភាព និងនិរន្តរភាពការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សំដៅក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជាដ៏រឹងមាំ ដោយគ្មាននរណាម្នាក់ ត្រូវបានបោះបង់ចោលឡើយ។

ទន្ទឹមនឹងនេះ លោកស្រី Alissar Chaker បានលើកឡើងផងដែរថា នេះគឺជាផ្នែកមួយរបស់UNDP ក្នុងការគំាទ្របរិវត្តកម្មឌីជីថល ក្នុងការពន្លឿនសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងជួយពង្រឹងដល់ស័ក្តិសិទ្ធិភាពនិងប្រសិទ្ធភាពនៃការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានផ្តល់ការគំាទ្រលើការងារនេះចាប់តំាងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទំាងសម្ភារ និងបច្ចេកទេស តាមរយៈក្រសួងផែនការ និងបានថ្លែងការកោតសរសើរចំពោះក្រសួងផែនការដែលបានអនុវត្តដោយជោគជ័យលើការអនុវត្តការងារនេះតាមរយៈប្រព័ន្ធឌីជីថល៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





