ក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរលទ្ធផលប្រតិភូកុមារជាប់ស្ថាពរ និងជាប់បម្រុង ដើម្បីចូលរួម "សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៥"
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរ និងសូមអរគុណដល់កុមារា កុមារី និងអាណាព្យាបាលទាំងអស់ ដែលបានចំណាយពេលចូលរួមវគ្គសម្ភាសន៍ផ្ទាល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយបានគូសបញ្ជាក់ថា កុមារទាំងអស់សុទ្ធតែបានបង្ហាញសមត្ថភាព ភាពក្លាហាន និងចំណេះដឹងយ៉ាងល្អប្រសើរ ប៉ុន្តែដោយសារការកំណត់នៃកម្មវិធី មានតែប្រតិភូកុមារតែ០៤រូបប៉ុណ្ណោះតំណាងប្រទេសកម្ពុជា ដែលត្រូវជ្រើសរើសឱ្យចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។

ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវបញ្ជីរាយនាមកុមារា-កុមារីជាប់ជាស្ថាពរចូលរួមកម្ម វិធីសន្និសិទកុមារអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៥ (APCC) ទាំង០៤រូប រួមមាន ១. កុមារី តូណា លីសា មកពីសាលាបឋមសិក្សាឫស្សីកែវ ២. កុមារី ស្រួយ បូរដានាថ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ ៣. កុមារា សិរី នុរក្សពង្ស មកពីសាលារៀនសុវណ្ណភូមិ (សាខាច្បាអំពៅ) និង ៥. កុមារា មាស ណុបខូលីន មកពីសាលាបឋមសិក្សា ស្ទឹងមានជ័យ។

ចំណែកឯបេក្ខភាពបម្រុង រួមមាន ១. កុមារី កឹម សុគន្ធនីសា មកពីសាលាបឋមប៊ុនរ៉ានីហ៊ុនសែនដំណាក់ចង្អើរ ២. កុមារី ថោង វណ្ណលក្ខិណា មកពីសាលាមីគីវ៉េ ៣. កុមារា វិចិត្រ រឺ ដារ៉ូ មកពីសាលាអន្តរជាតិ Heritage និង ៤. កុមារា នរៈ អានឈី មកពីសាលាមីគីវ៉េ។
គួរបញ្ជាក់ថា កម្មវិធីសន្និសិទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងកុមារក្នុងតំបន់ឱ្យមានភាពស្និតស្នាល និងអភិវឌ្ឍសមត្ថភាពកុមារឱ្យយល់ដឹងអំពីវប្បធម៌ អរិយធម៌ និងទម្លាប់ក្នុងការរស់នៅរបស់កុមារតាមប្រទេសនីមួយៗ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





