លោក ចាន់ បញ្ញាវ័ន្ត ដឹកនាំមន្ត្រីជំនាញចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របីនៅស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ រួមជាមួយមន្ត្រី ភ្នាក់ងារសុខសត្វភូមិ សហការជាមួយ រដ្ឋបាលបាលស្រុកតាំងគោក និងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក អាជ្ញាធរភូមិ ឃុំ មន្ត្រីកសិកម្មឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របី នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា អាជ្ញាធរនៅក្នុងមូលដ្ឋានត្រូវមានកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលានិងបានណែនាំដល់បងប្អូនប្រជាកសិករ ដែលមានសត្វគោ ក្របី ឱ្យយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វ សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគ ឱ្យបានញឹកញាប់ យ៉ាងហោច២ដងក្នុង១ខែផ្តល់ទឹក និងស្មៅព្រមទាំងចំបើងឱ្យស៊ីគ្រប់គ្រាន់ យកសត្វមកចាក់ថ្នាំការពារជំងឺឆ្លងឱ្យបានទៀងទាត់តាមការណែនាំពីមន្ត្រីជំនាញ (២លើកក្នុង១ឆ្នាំ)។

សូមបញ្ជាក់ថាជាលទ្ធផលដែលក្រុមការងារសម្រេចចាក់ការពារជំងឺសារទឹកសត្វគោសរុប១២០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក២០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ៕



ដោយ ស៊ុម វណ្ណា





