រដ្ឋបាលរាជធានីភ្នំពេញចុះកាត់ខ្សែកាប្លិ៍អុបទិកចោល ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើសកម្មភាព កាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញនៅលើផ្លូវលេខ៤៦៦ និងវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង។

ឯកឧត្ដម ឯក ឃុនដឿន បានមានប្រសាសន៍ថា ក្រុមការងារដែលចុះមកកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិក ខាងលើនេះធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានណែនាំឱ្យដកបង្គោលភ្លើងនៅលើផ្លូវលេខ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាល និងនៅមុខក្រសួងមហាផ្ទៃ ដោយសារបណ្តាញខ្សែកាប្លិ៍អុបទិកយើងបានកាត់ទម្លាក់ហើយ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋរស់នៅ និងធ្វើអាជីវកម្មនៅលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) បានសម្ដែងការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកនេះ ដោយកន្លងមកបណ្តាញខ្សែកាប្លិ៍អុបទិកតែងបង្កឱ្យមានអគ្គីភ័យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ការកាត់បណ្តាញខ្សែកាប្លិ៍អុបទិកនេះ បានលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រងផងដែរ។

សូមជម្រាបជូនថា ការកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តនៅលើផ្លូវចំនួន៤០ខ្សែ ក្នុងនោះរួមមាន៖ ខ្សែទី១. ផ្លូវលេខ៤៦៦ ទី២. វិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ទី៣. ផ្លូវលេខ៥៧ ទី៤. វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ទី៥. ផ្លូវលេខ ២១៤ ទី៦. វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ទី៧. ផ្លូវលេខ២១៧ ផ្លូវលេខ២១៥ ទី៨. ផ្លូវលេខ១៦៩ ទី៩. មហាវិថីសម្តេចមុនីរ៉េត និងមហាវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧) ទី១០. វិថីឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និងផ្លូវលេខ ២៧៣ ទី១១. ផ្លូវលេខ៥១៦ ទី១២. ផ្លូវលេខ៣១៥ ទី១៣. ផ្លូវលេខ៥៦៦ ទី១៤. ផ្លូវលេខ៥៩២ ទី១៥. ផ្លូវលេខ១៩៨៦ ទី១៦. កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩) ទី១៧. វិថីឧកញ៉ា នូ កន (ផ្លូវលេខ១០៥) ទី១៨. ផ្លូវលេខ៤៨៨ ទី១៩. មហាវិថីសាធារណរដ្ឋប៉ូឡូញ និងវិថីសម្តេចព្រះមង្គល ទេព្វាចារ្យអ៊ុម ស៊ុម (ផ្លូវលេខ១៦៣) ទី២០. ផ្លូវលេខ១១៣ ទី២១. ផ្លូវលេខ៤៣២ ទី២២. ផ្លូវលេខ១៩៩ ទី២៣. ផ្លូវលេខ៣១០ ទី២៤. ផ្លូវលេខ៣៦០ ទី២៥. ផ្លូវលេខ៣៤៨ ទី២៦. ផ្លូវលេខ៤៧ ទី២៧. ផ្លូវលេខ៣៥៥ និងវិថីសម្តេច ប៉ែន នុត និងមហាវិថីសេនាប្រមុខគីមអ៊ីលស៊ុង (ផ្លូវលេខ២៨៩) ទី២៨. ផ្លូវលេខ៣៣៧ ទី២៩. មហាវិថីចោមចៅ ទី៣០. ផ្លូវលេខ១០០៣ ទី៣១. វិថីឧកញ៉ា ម៉ុង ឫទ្ធី (ផ្លូវលេខ១៩២៨) ទី៣២. ផ្លូវជាតិលេខ៦ ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៣. ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៤. ផ្លូវលេខ៥៩៨ ទី៣៥. ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៦. ផ្លូវជាតិលេខ២ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៧. ផ្លូវលេខ៣៧១ ទី៣៨. ផ្លូវលេខ៣៧១ (សឡា) ទី៣៩. ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទី៤០. មហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវ)៕


ដោយ សួស សំរិត





