សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន ជាអំពើភេរវកម្មនៅកម្ពុជា
AKP កណ្ដាល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានមានប្រសាសន៍ចាត់ទុកគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន ជាអំពើភេរវកម្មនៅកម្ពុជា ហេតុដូច្នេះសូមបរទេសទាំងឡាយប្រយ័ត្នប្រយែង ទៅលើការគាំទ្រទាំងឡាយ និងមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត ព្រោះថាបើពួកគេគាំទ្រពួកនេះ គឺមានន័យស្មើនឹងគាំទ្រអំពើភេវរកម្ម។

ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា មានគេរៀបចំគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន (Drone) វាយប្រហារនៅគេហដ្ឋាននាក្រុងតាខ្មៅ។ សម្តេចបានចាត់ទុកការប៉ុនប៉ងនេះថា ជាអំពើភេរវកម្មនៅកម្ពុជា និងព្រមានកម្ចាត់ក្រុមនេះឱ្យអស់។ សម្ដេចតេជោបញ្ជាក់ថា៖ «អ្នកឯងចង់បំផ្លាញត្រូកូល ហ៊ុន សូមផ្តាំផ្ញើផង ផែនការវៃដ្រូន Drone ចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រវៃដ្រូនចូលតាខ្មៅ។ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ។ នេះជាអំពើភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវៃដ្រូនចូលផ្ទះខ្ញុំ។ ហេតុអីបានជាគេចង់សម្លាប់ករុណាខ្ញុំ»។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «អ្នកឯងត្រូវដឹងថា គ្រាន់តែបាត់ខ្លួនមនុស្សម្នាក់ចេញពីតាកែវដើម្បីត្រៀមបង្ហោះដ្រូន ក៏ត្រូវបានសម្ដេចដឹងជាមុនដែរ ពោលគឺឱ្យតែពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសម្ដេចតែងតែទទួលបានព័ត៌មានមុនជានិច្ច ដូច្នេះសូមកុំគិតចង់ប្រហារជីវិតរបស់ខ្ញុំឱ្យសោះ»។ ជាមយគ្នានេះ សម្តេចតេជោស្នើឱ្យជនបរទេសទាំងឡាយប្រយ័ត្នប្រយែង ចៀសវាងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម។ សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ៗថា៖ «សូមបរទេសកុំលូកលាន់ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះកម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខ»៕

ដោយ៖ ជឹម ណារី





