សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងធ្វើការងារបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការដឹកនាំរបស់អ្នកបន្តវេន ឬរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងធ្វើការងារបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រចំពោះការសម្រេចចិត្តរបស់សម្ដេចដែលបានប្រគល់អំណាចទៅអ្នកបន្តវេនជំនាន់ក្រោយ ក្នុងការដឹកនាំប្រទេសកម្ពុជា បន្តពីអ្នកជំនាន់មុន ដែលការសម្រេចចិត្តរបស់សម្ដេចបែបនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងគិតគូរវែងឆ្ងាយសម្រាប់ជោគវាសនារបស់កម្ពុជា។ សម្ដេចតេជោប្រធានព្រឹទ្ធសភាមានប្រសាសន៍បញ្ជាក់ថា សម្ដេចក៏ដូចជាសហការីនៅក្នុងគណបក្សប្រជាជនកម្ពុជា មិនចង់ឃើញនូវភាពច្រំដែលនៃប្រវត្តិសាស្រ្ដរបស់កម្ពុជានោះទេ។ ប៉ុន្តែដើម្បីគិតគូរពីអនាគតវែងឆ្ងាយរបស់កម្ពុជា ទោះបីពេលនេះសម្ដេច និងថ្នាក់ដឹកនាំជំនាន់មុនកំពុងនៅមានកម្លាំងនៅឡើយក្ដី តែបានសម្រេចចិត្តលះបង់អំណាច ប្រគល់ទៅឱ្យអ្នកបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវតាមរយៈលទ្ធផល និងសមិទ្ធផលជាក់ស្ដែងដែលសម្រេចបានក្នុងរយៈពេលជាង១៧មកនេះនៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលបន្តវេន ក្នុងអាណត្តិទី៧ បានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ដោយធានាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យភាព ស្ថិរភាពនយោបាយ ដែលកំពុងមានសព្វថ្ងៃ។ សម្តេចតេជោបានសម្តែងទំនុកចិត្តចំពោះអ្នកបន្តវេនដែលមិនបានធ្វើឱ្យប្រទេសមានការច្របូកច្របល់នោះ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានរម្លឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការរំដោះចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បានធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ រហូតធ្លាក់ដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យយើងបាត់បង់អ្វីៗស្ទើរតែសូន្យ។ សម្តេចតេជោបានថ្លែងឱ្យដឹងថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយ ស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ហើយបើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ៕
ដោយ៖ ជឹម ណារី





