ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំប្រុងប្រៀបការប្រគល់ផ្ទះ និងដីសម្បទានសង្គមកកិច្ចសអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវជូនដល់អតីតយុទ្ធជននៅឃុំក្រយា
AKP កំពង់ធំ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្តដើម្បីប្រគល់ភារកិច្ចប្រុងប្រៀបកម្មវិធីប្រគល់ផ្ទះថ្មីចំនួន៦៥ខ្នង និងដីសម្បទានសង្គមកិច្ចក្នុង១គ្រួសារចំនួន០១ហិកតាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈរបស់រដ្ឋចំនួន៦៥គ្រួសារថ្មីទៀតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី រួមជាមួយ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងអញ្ជើញជាអធិបតីភាពតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ផ្ទះដែលទើបសាងសង់រួចនាពេលថ្មីៗកន្លងទៅនេះ និងដីសម្បទានសង្គមកិច្ច ព្រមទាំងអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបមករស់នៅថ្មីចំនួន៦៥គ្រួសារនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវសហការជាមួយអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ និងបងប្អូនអតីតយុទ្ធជន ដើម្បីរៀបចំកម្មវិធីប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនបងប្អូនអតីតយុទ្ធជនរបស់យើងឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យអតីតយុទ្ធជនចំនួន៦៥គ្រួសារ ដែលទើបមករស់នៅថ្មីលើដីសម្បទានសង្គមកិច្ច បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ដែលបានផ្ដល់ផ្ទះថ្មី និងដីសម្បទានសង្គមកិច្ច សម្រាប់បងប្អូនអតីតយុទ្ធជនរស់នៅកសាងជីវភាពថ្មី ដោយភាពសុខដុមរមនាក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





