កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក (CHODs)
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥-- នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក (CHODs) កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមការដឹកនាំរបស់នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដើម្បីពិភាក្សាស្វែងយល់អំពីទស្សនវិស័យតំបន់ទាក់ទងការងារសន្តិសុខ ការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងការកំណត់ប្រធានបទសម្រាប់កិច្ចប្រជុំ CHODs ឆ្នាំ២០២៥។

ក្នុងបទអន្តរាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ចោរសមុទ្រ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលទាមទារឱ្យមានការពង្រឹងកិច្ចសហការរវាងវិស័យយោធា និងស៊ីវិល តាមរយៈការចែករំលែកធនធាន ការផ្លាស់ប្តូរជំនាញ និងការធ្វើផែនការយុទ្ធសាស្ត្រ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបង្ហាញការគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី ដើម្បីឱ្យតំបន់ឥណ្ឌូ–ប៉ាស៊ីហ្វិកមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្រាប់កម្ពុជាត្រៀមខ្លួនសម្រាប់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយដែលកើតឡើង៕

ដោយ សំ សាម៉ន





