ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យអញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវរដូវប្រាំង ស្រុកចុងកាល់
AKP ឧត្តរមានជ័យ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវធ្វើការសហការគ្នាតាមដានជាប្រចាំ ក្នុងករណីខ្វះខាតទឹករបស់បងប្អូនប្រជាកសិករយើង ដើម្បីមានវិធានការជួយអន្តរាគមន៍ បានទាន់ពេលវេលាជូនពួកគាត់។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកចុងកាល់ នាពេលថ្មីៗនេះ ចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវរដូវប្រាំង ២០២៤-២០២៥ និងការងារកាយប្រឡាយនាំទឹកប្រវែង១.២១៧ម៉ែត្រ និងការដំឡើងម៉ាស៊ីនជួយអន្តរាគមន៍បូមទឹក ចូលអាងទឹកចុងកាល់ ដើម្បីត្រៀមជួយសង្គ្រោះស្រូវប្រាំងចំនួន២៦០ហិកតា ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានថ្លែងថា តាមផែនការ គឺឱ្យប្រជាកសិករធ្វើស្រូវប្រាំងឆ្នាំ២០២៤-២០២៥នេះតែចំនួន៥៤៩ហិកតាទេ ប៉ុន្តែគិតមកដល់ពេលនេះស្រូវប្រាំង សរុបទូទាំងខេត្តឧត្តរមានជ័យ គឺប្រជាពលរដ្ឋរបស់យើង បានធ្វើស្រូវប្រាំងរហូតដល់ចំនួន១៩៣៣ហិកតា ប៉ុន្តែមកដល់ពេលនេះ ក៏ពុំទាន់មានកន្លែងណាមួយដែលប្រឈមនឹងការខ្វះខាតទឹកនៅឡើយទេ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ មន្ទីរធនធានទឹកបានចាត់វិធានការត្រៀមទុកជាស្រេច បានយកអេស្កាចំនួន២គ្រឿង អាប៊ុល១គ្រឿង កាយប្រឡាយប្រវែង ១២១៧ម៉ែត្រ ដើម្បីអូសទឹកពីអាងទឹកស្ទឹងស្រែងទី១ បូមដាក់អាងទឹកចុងកាល់ សម្រាប់ទម្លាក់ទៅស្រោចស្រពស្រែកសិករចំនួន ២៦០ហិកតា ដោយពេលនេះ យើងបានដំឡើងម៉ាស៊ីនបូមទឹក ១គ្រឿងផងដែរ ក្នុងទិសដៅត្រៀមបង្កាសង្គ្រោះស្រូវ ២៦០ហិកតា ប្រសិនបើមានការខ្វះខាតទឹកនៅពេលខាងមុខ។ បច្ចុប្បន្ននេះនៅទូទាំងខេត្តឧត្តរមានជ័យ ពុំទាន់មានកន្លែងណាមួយប្រឈមនឹងបញ្ហាកង្វះទឹកនៅឡើយទេ។

ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងធ្វើការផ្តាំផ្ញើដល់បងប្អូនយើងត្រូវជួយសន្សំសំចៃការប្រើប្រាស់ទឹក និងប្រើឱ្យចំគោលដៅ ចៀសវាងការប្រើប្រាស់ទឹកដោយខ្ជះខ្ជាយ ដោយសាររដូវប្រាំងយើងនៅអូសបន្លាយពេលវែងបន្តទៀត ទម្រាំដល់រដូវវស្សា។ ស្រែប្រាំងមួយចំនួននៅចុងកាល់កំពុងជួបបញ្ហា "ភ្លុង" ដែលស្រូវមានលក្ខណៈរមួលត្រួយជាប់នឹងដើម ដោយសារតែការប្រើប្រាស់ថ្នាំស្មៅខុសបច្ចេកទេស។ នេះគឺជាបទពិសោធន៍ថ្មីរបស់បងប្អូនប្រជាកសិករ ដែលប្រើប្រាស់ថ្នាំខុសបច្ចេកទេស ដោយសារការណែនាំរបស់ក្រុមហ៊ុនថ្នាំ។ ឯកឧត្តមសង្ឃឹមថា បងប្អូនកសិករត្រូវចូលរួមអនុវត្តតាមការណែនាំរបស់មន្ត្រីកសិកម្មនៅមូលដ្ឋាន ដើម្បីឱ្យស្រូវទទួលបានទិន្នផលល្អប្រសើរ៕
ដោយ ទិត ស្រ៊





