លោក ងិន សុខបញ្ញា ៖ ការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកសាលា ឆ្នាំ២០២៥ មានភាពផុសផុលខ្លាំងគួរឱ្យភ្ញាក់ផ្អើល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥--លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានលើកឡើងថា ការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកសាលា ប្រចាំឆ្នាំ២០២៥ (Aquathlon school championship 2025) មានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិចូលរួមប្រកួតជាង ៤០០នាក់ ដែលជាចំនួនកើនឡើងជាង ៥០% កាលពីឆ្នាំ២០២៤កន្លងទៅ ដែលមានភាពផុសផុលខ្លាំងគួរឱ្យភ្ញាក់ផ្អើល។

នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការ នៅក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាងហែលទឹក និងទីលានរត់ប្រណាំងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ថា ការប្រកួត ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុង ជើងឯកប្រចាំសាលា ប្រចាំឆ្នាំ២០២៥ (Aquathlon school championship 2025) ដែលជាប្រកួតឆ្នាំទី៣ គឺមានភាពខុសគ្នាច្រើន ដោយមានកីឡាករ កីឡាការិនីគ្រប់វ័យបានចូលរួមប្រកួតប្រជែងកើនឡើងលើសជាង ៥០ភាគរយ ពោលកើនឡើងពី២០០នាក់ដល់ជាង ៤០០នាក់ នៅក្នុងឆ្នាំ២០២៥នេះ បើប្រៀបធៀបនឹងឆ្នាំ២០២៤កន្លងទៅ។

លោក ងិន សុខបញ្ញា បានលើកឡើងទៀតថា ៖«ជាមួយនឹងចំនួនកើនឡើងច្រើនលើសពីការរំពឹងទុកនេះ ជាការភ្ញាក់ផ្អើលមួយផងដែរ ដោយមានកីឡាករ កីឡាការិនីខ្មែរមកពីសាលារៀនផ្សេងៗមានចំនួនជាង ១៨០នាក់ ដែលព្រឹត្តិការណ៍ឆ្នាំ២០២៥នេះមានភាពផុសផុលខ្លាំងណាស់។ សហព័ន្ធនឹងបន្តរៀបចំនៅរៀងរាល់ឆ្នាំហើយគ្រោងនឹងពង្រីកព្រឹត្តិការណ៍ នៅរាជធានីភ្នំពេញមួយនេះឱ្យកាន់តែធំបន្ថែមទៀត។ បន្ថែមពីលើនេះ សហព័ន្ធក៏គ្រោងនឹងរៀបចំវិញ្ញាសាអាគ័រត្លុងទៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ពោលគឺនឹងរៀបចំនៅទីតាំប្រកួតណាដែលមានទឹក»។

ជាការសង្កេត កាលពីឆ្នាំមុន កីឡាករ កីឡាការិនីវ័យក្មេងៗ ដែលមិនសូវចេះហែលទឹក ឬខ្សោយលើវិញ្ញាសាហែលទឹក និងការរត់ប្រណាំងរបស់ពួកគាត់កាលពីឆ្នាំ២០២៤កន្លងទៅ គឺមានគុណភាពបច្ចេកទេសរបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២៥នេះ។ តាមរយៈការរៀបចំប្រកួតអាគ័រត្លុង ដែលមាន២វិញ្ញាសាបូកបញ្ជូលគ្នា មានហែលទឹក និងរត់ប្រណាំងនេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយប្រភេទកីឡាទ្រីយ៉ាត្លុង ដែលក្នុងនេះ អាគ័រត្លុង ស្ថិតក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង។ មានន័យថា ប្រសិនបើយើងអាចលេងប្រភេទកីឡាទ្រីយ៉ាត្លុងបាន លុះត្រាតែយើងចេះលេងវិញ្ញាសាអាគ័រត្លុងជាមុនសិន ដោយត្រូវចេះហែលទឹក និងរត់សិន ខណៈទ្រីយ៉ាត្លុង មាន៣វិញ្ញាសាបូកបញ្ជូលគ្នា គឺមានហែលទឹក ជិះកង់ និងរត់ប្រណាំង។ ជារួម កីឡាករ កីឡាការិនីដែលអាចលេងប្រភេទកីឡាទ្រីយ៉ាត្លុងបាន គឺមានន័យថាជា កីឡាករ កីឡាការិនីដែលខ្លាំងពូកែ បើកាលណាថាមពល កាយសម្បទាខ្សោយមិនអាចលេងប្រភេទកីឡាទ្រីយ៉ាត្លុងនេះបានឡើយ។

ក្នុងនាមសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះ ជាការជំរុញការផ្សព្វផ្សាយកីឡាទ្រីយ៉ាត្លុង គឺជាប្រភេទកីឡាអូឡាំពិកដល់ប្រជាពលរដ្ឋទាំងអស់ និងបរទេស ដែលបានចូលរួមប្រកួតប្រជែងជាមួយគ្នា បានចូលរួមដកពិសោធបច្ចេកទេសជាមួយគ្នា បង្កើនការរាប់អានគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះការប្រកួតនេះត្រូវបានសហព័ន្ធរៀបចំឡើងជាច្រើនវិញ្ញាសាគ្រប់វ័យទាំងអស់ ចាប់តាំងពីវ័យកុមារ ដល់វ័យចាស់ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ទទួលបានសុខភាពល្អ និងជំរុញដល់ការផ្សព្វផ្សាយប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើនផងដែរ។

គួរបញ្ជាក់ថា ការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកសាលា ប្រចាំឆ្នាំ២០២៥ត្រូវបានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារៀបចំឱ្យប្រកួតលើ ១០វិញ្ញាសាឱ្យកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយ ដោយបែងចែកពីកុមារា កុមារី ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ, ៩ឆ្នាំដល់១១ឆ្នាំ, ១២ឆ្នាំដល់១៤ឆ្នាំ និង១៥ឆ្នាំដល់១៧ឆ្នាំ ខណៈវិញ្ញាសាបុរស-នារីពេញវ័យដល់វ័យចាស់មានចន្លោះពីអាយុ៣៩ឆ្នាំ និង៣៩ឆ្នាំចុះក្រោយ និង៤០ឆ្នាំឡើង។ ក្រោយការប្រកួតពេញ ១ព្រឹកពីម៉ោង ៧ដល់ម៉ោង១២ថ្ងៃត្រង់ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានកីឡាករ កីឡាការិនីឆ្នើមៗជ័យលាភីទាំង ១០វិញ្ញាសាប្រកបដោយគុណភាពខ្ពស់ៗផងដែរ៕
ដោយ ហេង ណាលីន





