សម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរដំបូងគេបង្អស់ត្រូវបានរកឃើញនៅដើមឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- តាមរយៈកម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែប ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរ សម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការឱ្យដឹងពី អង្គការ WCS នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។

ក្រុមការងារអង្គការ WCS រំពឹងថានឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥ នេះដែលចាប់ផ្តើមពីខែមករារហូតដល់ខែឧសភា។ ចាប់តាំងពី ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន ២០១ សម្បុក ដែលមានពងសរុបចំនួន៧ ២៩២គ្រាប់ និងញាស់បាន៣ ៥៩១កូន។ ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារបានកត់សម្គាល់ឃើញថាសម្បុកសត្វកន្ធាយក្បាលកង្កែបនេះមានការធ្លាក់ចុះ ដោយមានសម្បុកចំនួន១០ក្នុង ឆ្នាំ២០២៣ និង ១១សម្បុកក្នុង ឆ្នាំ២០២៤ តែប៉ុណ្ណោះត្រូវបានរកឃើញ។ សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថាផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ។ ប៉ុន្តែដល់ឆ្នាំ២០០៧ ក្រុមការងារស្រាវជ្រាវអណ្ដើកនិងកន្ធាយបានរកឃើញវត្តមានរបស់វាឡើងវិញនៅចន្លោះប្រមាណ៤៨គីឡូម៉ែត្រនៃដងទន្លេមេគង្គពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែបគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះឱ្យមានច្រើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា៕


ដោយ ណយ នឿន (ប្រភព៖ WCS)





