នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បង្កើនការការពារព្រៃឈើនៅតំបន់ភ្នំគូលែន និងថែរក្សាការពារបឹងទន្លេសាប
AKP សៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ថា ព្រៃឈើនៅតំបន់ភ្នំគូលែន គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម គ្រឺះប្រាសាទបុរាណ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទូទៅ ជាពិសេសគឺទឹកហូរពីភ្នំគូលែនចូលទៅក្នុងបឹងទន្លេសាប ដែលជាប្រភពត្រីដ៍សំខាន់របស់កម្ពុជា។ ប៉ុន្តែបើព្រៃឈើនៅតំបន់ភ្នំគូលែនបាត់បង់នឹងមានផលប៉ះពាល់ជាច្រើន ដូចជាបាត់បង់ប្រភពទឹកដ៏សំខាន់សម្រាប់បឹងទន្លេសាប បាត់បង់ជីវៈចម្រុះ បាត់បង់សត្វព្រៃ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមបានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មានដូចជា រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធ នៅតំបន់ភ្នំគូលែននេះឱ្យបានកាន់តែមានប្រសិទ្ធភាព។ ចំណែកនៅបឹងទន្លេសាបបើសិនជាមិនរួមគ្នាការពារ ថែរក្សា និងទប់ស្កាត់បទល្មើសឱ្យបានដាក់ខាតនៅពេលនេះទេ ទិន្នផលត្រី ក៏នឹងបាត់បង់ បឹងទន្លេសាបទាំងមូល ក៏នឹងអាចបាត់បង់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ មានភារកិច្ចថែរក្សាការពារធនធានធម្មជាតិ និងទ្រព្យសម្បត្តិសាធារណៈឱ្យបានគង់វង្ស។ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវម្ចាស់ការ បុរេសកម្ម និងដាក់ចេញនូវវិធានការនានាក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសព្រៃឈើ បទល្មើសនេសាទ ការរុករកនិងធ្វើអាជីវកម្មរ៉ែខុស ច្បាប់ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តសៀមរាប កន្លងមកនេះដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវ សមិទ្ធផលនានាជាច្រើនដែរ៕


ដោយ ឃុត សៅ





