សហភាពអឺរ៉ុបស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) បានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយ៉េន (Ursula von der Leyen) បាននិយាយនៅលើគណនីអ៊ិចរបស់លោកស្រីថា «កិច្ចព្រមព្រៀងនេះបាននាំមកនូវក្តីសង្ឃឹមដល់តំបន់ទាំងមូលដែលប្រជាជនបានស៊ូទ្រាំនឹងទុក្ខវេទនាដ៏ធំធេងអស់រយៈពេលជាយូរមកហើយ»។
លោកស្រីបានបន្ថែមថា «ភាគីទាំងពីរត្រូវតែអនុវត្តន៍ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនេះ ក្នុងនាមជាជំហានឆ្ពោះទៅរកស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ និងដំណោះស្រាយការទូតនៃជម្លោះ»។
លោក កាចា កាលឡាស (Kaja Kallas) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានកត់សម្គាល់នៅលើគណនីអ៊ិចថា «កិច្ចព្រមព្រៀងនេះ គឺជារបកគំហើញវិជ្ជមានដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា»។
ប្រទេសកាតាបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។ យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំង ៣៣នាក់ក្នុងដំណាក់កាលដំបូង មានរយៈពេល ៦សប្តាហ៍ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ការអនុវត្តកិច្ចព្រមព្រៀងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៩ ខែមករា។ ព័ត៌មានលម្អិតនៃដំណាក់កាលទី២ និងទី៣ នឹងត្រូវបានប្រកាសបន្ទាប់ពីការបញ្ចប់ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





