លោក ដាញ៉ែល ចាប៉ូ ស្បថចូលកាន់តំណែងជាប្រធានាធិបតីម៉ូសំប៊ិក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- លោក ដាញ៉ែល ហ្រ្វន់ស៊ីស្កូ ចាប៉ូ (Daniel Francisco Chapo) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៥ របស់ប្រទេសម៉ូសំប៊ិក ក្នុងអំឡុងពេលនៃពិធីមួយដែលបានធ្វើឡើងនៅកណ្តាលទីក្រុងម៉ាពូតូ រដ្ឋធានីនៃប្រទេសអាហ្វ្រិកខាងត្បូង។
លោក លូសៀ រីបីរ៉ូ (Lucia Ribeiro) ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា «យោងទៅតាមមាត្រាទី១៤៩ កថាខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ ខ្ញុំសូមប្រកាសថា លោក ដាញ៉ែល ហ្រ្វន់ស៊ីស្កូ ចាប៉ូ ចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក»។
ព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីលានឯករាជ្យ មានការចូលរួមដោយឥស្សរជនល្បីៗ រួមទាំងអតីតប្រធានាធិបតី លោក ចូអាខ្វីម ជីសាណូ (Joaquim Chisano) និងលោក អាម៉ាន់ដូ ហ្គូប៊ូហ្សា (Armando Guebuza) ក៏ដូចជាប្រមុខរដ្ឋ លោក ហ្វីលីព យូស៊ី (Filipe Nyusi) ដែលផុតអាណត្តិ។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) និងប្រធានាធិបតីប៊ីសូហ្គីណេ លោក យូម៉ារ៉ូ ស៊ីសូកូ អេមបាលូ (Umaro Sissoco Embalo) ក៏មានវត្តមាន រួមជាមួយនឹងភ្ញៀវកិត្ដិយសជាង ២.០០០នាក់ តំណាងរដ្ឋាភិបាល អង្គការ ដៃគូសហប្រតិបត្តិការ និងឥស្សរជនផ្សេងទៀត។
លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកសម្ពោធថា លោក ចាប៉ូ បានប្រកាសពីផែនការសម្រាប់កំណែទម្រង់រដ្ឋបាល រួមទាំងការកាត់បន្ថយចំនួនក្រសួង និងការដកតំណែងដូចជាអនុរដ្ឋមន្ត្រី ការបែងចែកធនធានទៅផ្នែកសំខាន់ៗ។ «នេះជារដ្ឋាភិបាលតូច ប៉ុន្តែជារដ្ឋាភិបាលដែលមានភាពរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់»។
លោកបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងអំពើពុករលួយ ហើយបានសន្យាថានឹងពិនិត្យមើលឡើងវិញនូវឯកសិទ្ធិដែលផ្តល់ដល់មន្ត្រីរដ្ឋ និងធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនដែលមិនមែនជាយុទ្ធសាស្ត្រដើម្បីធ្វើឱ្យរដ្ឋាភិបាលមាននិរន្តរភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





