នាយករដ្ឋមន្ត្រីចិនជួបគណៈប្រតិភូនៃសម្ព័ន្ធរដ្ឋាភិបាលជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធរដ្ឋាភិបាលជប៉ុនដឹកនាំដោយអគ្គលេខាធិការ លោក ហ៊ីរ៉ូស៊ី ម៉ូរីយ៉ាម៉ា (Hiroshi Moriyama) មកពីគណបក្សប្រជាធិបតេយ្យសេរី និងអគ្គលេខាធិការ លោក ម៉ាកូតូ នីស៊ីដា (Makoto Nishida) នៃគណបក្ស Komeito ក្នុងទីក្រុងប៉េកាំង។
ដោយកត់សម្គាល់ថា ទំនាក់ទំនងចិន-ជប៉ុន ស្ថិតក្នុងដំណាក់កាលសំខាន់នៃការកែលម្អ និងអភិវឌ្ឍន៍ លោក លី ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ការបន្តយន្តការផ្លាស់ប្តូរគណបក្សកាន់អំណាចក្រោយរយៈពេលជិត ៧ឆ្នាំ គឺជាចលនាដ៏សំខាន់មួយក្នុងការអនុវត្តការឯកភាពគ្នាដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន។
លោក លី បាននិយាយថា ប្រទេសចិន និងជប៉ុន នឹងបន្តធ្វើការរួមគ្នា ដើម្បីបង្កើនការជឿទុកចិត្តគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា និងជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាពដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
លោកបានកត់សម្គាល់ថា គណបក្សកាន់អំណាចនៃប្រទេសទាំងពីរគួរតែផ្តោតលើការការពារផលប្រយោជន៍ជាមូលដ្ឋានរយៈពេលវែងរបស់ប្រទេសទាំងពីរ និងប្រកាន់យកអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវចំពោះប្រជាជន និងប្រវត្តិសាស្ត្រ។
ភាគីជប៉ុនបានសម្តែងនូវឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជប៉ុន-ចិន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានចែងក្នុងឯកសារនយោបាយចំនួនបួន រួមទាំងសេចក្តីថ្លែងការណ៍រួមជប៉ុន-ចិនផងដែរ។
គណៈប្រតិភូបាននិយាយថា យន្តការផ្លាស់ប្តូរគណបក្សកាន់អំណាចរវាងប្រទេសទាំងពីរមានសារៈសំខាន់យ៉ាងទូលំទូលាយ ហើយប្រទេសជប៉ុនទន្ទឹងរង់ចាំអនុវត្តការផ្លាស់ប្តូរនៅគ្រប់កម្រិតទាំងអស់នៅឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





