កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធដែនអាកាសរួមគ្នាពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃពុធបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលផ្លោងលឿនជាងសំឡេង និងរយៈចម្ងាយខ្លីរបស់ប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ។
យោងតាមក្រសួងបានឱ្យដឹងថា សមយុទ្ធត្រីភាគីដែលជាសមយុទ្ធលើកទីមួយដែលបានធ្វើឡើងនៅឆ្នាំនេះ ក៏មានការចូលរួមពីយន្តហោះចម្បាំង F-15K របស់ប្រទេសកូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-2 របស់ប្រទេសជប៉ុនផងដែរ។ ភាគីទាំងបីបានធ្វើសមយុទ្ធនេះលើកចុងក្រោយកាលពីខែវិច្ឆិកាឆ្នាំមុន។
សមយុទ្ធចុងក្រោយនេះត្រូវបានធ្វើឡើងដើម្បីបង្កើនសមត្ថភាពរួមគ្នារបស់ពួកគេ ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ដូចជាការបាញ់បង្ហោះមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងកាលពីដើមខែនេះ។
ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលខ្លួនអះអាងថាជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេងកាលពីថ្ងៃទី៦ ខែមករា អមដោយការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃអង្គារ។ ការសាកល្បងមីស៊ីលទាំងពីរនេះបានកើតឡើងប៉ុន្មានថ្ងៃ មុនថ្ងៃចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែមករា។
ក្រសួងបាននិយាយថា «ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាទប់ស្កាត់ការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង ខណៈពេលដែលបន្តពង្រីកសមយុទ្ធត្រីភាគីដោយផ្អែកលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ»។
បន្ថែមពីលើសមយុទ្ធត្រីភាគី កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាលើកដំបូងរបស់ពួកគេកាលពីថ្ងៃពុធ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងជំហរការពាររួមគ្នារបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





